ភ្នំពេញ៖ តាមការកំណត់ នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ត្រីភាគី ជាលើកទី៣ សម្រាប់ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
សូមជំរាបជូនថា មុនចាប់ផ្តើមកិច្ចប្រជុំលើកទី៣ ត្រីភាគី រួមមាន៖ ភាគីសហជីពតំណាងកម្មករនិយោជិត, ភាគីតំណាងនិយោជក និងភាគីរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា គឺភាគីសហជីពតំណាងកម្មករនិយោជិត និងភាគីតំណាងនិយោជក បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងសិន ថាតើគួរប្រកាន់គោលជំហរយ៉ាងដូចម្តេច ដើម្បីលើកជូនអង្គប្រជុំធំតែម្តង។
គួររម្លឹកថា ឆ្លងកាត់កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមា លើកទី២កន្លងទៅ ភាគីសហជីពតំណាងឱ្យកម្មករនិយោជិត បានស្នើសុំតម្លើងចំនួន ១០ដុល្លារ បន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្ន។ ដោយឡែក ភាគីនិយោជក បានស្នើសុំរក្សាប្រាក់ឈ្នួលអប្បបរមានៅដដែល គឺចំនួន ២០៨ដុល្លារអាម៉េរិក។



