ក្រុមសមាជិកសភាទ្វេបក្ស មកពីសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន នៅចុងខែកញ្ញានេះ ដឹកនាំដោយតំណាងអាមេរិក មកពីបក្សប្រជាធិបតេយ្យ លោក Adam Smith នៅក្នុងដំណើរទស្សនកិច្ចផ្លូវការដោយសមាជិកសភាអាមេរិកបែបនេះជាលើកដំបូងបំផុត ចាប់តាំងពីឆ្នាំ២០១៩មក។

ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅពេលនៃភាពតានតឹងផ្នែកនយោបាយ និងសេដ្ឋកិច្ចរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង ហើយប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីមេដឹកនាំចិន រុស្ស៊ី និងកូរ៉េខាងជើង បានជួបប្រជុំគ្នានៅទីលានចតុរង្គធានអានមិន ក្នុងក្បួនដង្ហែបង្ហាញសាច់ដុំយោធាដ៏ធំរបស់ចិន។
លោក Smith ដែលជាតំណាងសហរដ្ឋអាមេរិកមកពីរដ្ឋវ៉ាស៊ីនតោន គឺជាអតីតប្រធានគណៈកម្មាធិការសេវាប្រដាប់អាវុធរបស់សភា និងជាអ្នកប្រជាធិបតេយ្យជាន់ខ្ពស់នាពេលបច្ចុប្បន្ននៅក្នុងក្រុមនេះ។ បុគ្គលិកគណៈកម្មាធិការសភាមួយរូបបានបញ្ជាក់ពីផែនការរបស់លោក Smith ក្នុងការដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសចិន ប៉ុន្តែមិនអាចផ្តល់ព័ត៌មានលម្អិតផ្សេងទៀតបានទេ។
ពេលវេលាពិតប្រាកដនៃដំណើរនេះមិនទាន់ច្បាស់នៅឡើយទេ។ លោក Smith បានប្រាប់ទូរទស្សន៍ NBC News ថា ទាំងសមាជិកបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ នៃគណៈកម្មាធិការសេវាប្រដាប់អាវុធរបស់សភាអាមេរិក នឹងចូលរួមក្នុងដំណើរនេះ ប៉ុន្តែប្រធានគណៈកម្មាធិការនេះគឺលោក Mike Rogers ដែលក៏ជាតំណាងមកពីបក្សសាធារណរដ្ឋ នឹងមិនចូលជាផ្នែកមួយនៃគណៈប្រតិភូនោះទេ៕

