ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារ (៩ កញ្ញា) ថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី បានសម្លាប់មនុស្សវ័យចំណាស់ចូលនិវត្តន៍ចំនួន ២៤នាក់ ដែលកំពុងទៅយកប្រាក់សោធន ក្នុងភូមិមួយនៅភាគខាងកើតអ៊ុយក្រែន ខណៈលោកប្រធានាធិបតី Volodymyr Zelenskiy ជំរុញឱ្យសម្ព័ន្ធមិត្តទីក្រុងគីវ ប្រញាប់បង្កើនសម្ពាធលើទីក្រុងមូស្គូ ឱ្យបញ្ចប់សង្គ្រាមរបស់ខ្លួន។

កងទ័ពរុស្ស៊ី បានបង្កើនការវាយលុកដ៏ខ្លាំងក្លាមួយនៅទូទាំងតំបន់ Donetsk ភាគខាងកើត ខណៈកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីសម្រេចបាននូវសន្តិភាពនៅក្នុងសង្គ្រាមអាយុកាលជាង ៣ឆ្នាំកន្លះមកនេះ បានបន្តជាប់គាំងយ៉ាងទូលំទូលាយ។
លោក Zelenskiy បាននិយាយថា គ្រាប់បែកប្រើប្រព័ន្ធទូរបញ្ជាមួយគ្រាប់បានវាយប្រហារលើភូមិ Yarova ចម្ងាយប្រហែល ២៤គីឡូម៉ែត្រ ពីទីក្រុង Sloviansk ដែលជាបន្ទាយរឹងមាំរបស់អ៊ុយក្រែន និងជាច្រើនគីឡូម៉ែត្រនៅពីក្រោយសមរភូមិជួរមុខ។
សេវាសង្គ្រោះបន្ទាន់របស់រដ្ឋបានបញ្ជាក់ថា មនុស្សយ៉ាងតិច ២៤នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។ អភិបាលតំបន់ លោក Vadym Filashkin និយាយថា អ្នកស្លាប់ទាំងអស់សុទ្ធតែជាមនុស្សវ័យចំណាស់។ រុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីការវាយប្រហារនោះទេ ហើយទីក្រុងមូស្គូ តែងបដិសេធមិនកំណត់គោលដៅលើជនស៊ីវិលឡើយ ប៉ុន្តែមនុស្សរាប់ម៉ឺននាក់បានស្លាប់ ចាប់តាំងពីប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់ខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ២០២២មក៕


