ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ (៩ កញ្ញា) ថា រដ្ឋបាលរបស់លោកកំពុងបន្តកិច្ចចរចាដើម្បីដោះស្រាយរបាំងពាណិជ្ជកម្មជាមួយឥណ្ឌា ហើយថា លោកនឹងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដោយបង្កើនក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងមួយ បន្ទាប់ពីការមិនចុះសម្រុងជាច្រើនសប្តាហ៍។

នៅក្នុងការផ្លាស់ប្តូរវោហាសាស្រ្តដ៏គួរឱ្យកត់សម្គាល់ លោក Trump បាននិយាយថា លោកទន្ទឹងរង់ចាំពិភាក្សាជាមួយលោក Modi នៅ "ប៉ុន្មានសប្តាហ៍ខាងមុខនេះ" ហើយបានសម្តែងសុទិដ្ឋិនិយមថា ភាគីទាំងពីរអាចសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ។ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Trump បាននិយាយថា "ប្រាកដណាស់ថានឹងពុំមានការលំបាកអ្វីទេដើម្បីឈានដល់ការសម្រេចយ៉ាងជោគជ័យរវាងប្រទេសទាំងពីរ"។
លោក Modi វិញក៏ឆ្លើយតបបែបសុទិដ្ឋិនិយមក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម នៅថ្ងៃពុធ (១០ កញ្ញា) នេះថា ទីក្រុងវ៉ាស៊ីនតោន និងញូវដែលី "ជាមិត្តជិតស្និទ្ធ និងដៃគូតាំងពីដើមមក"។ លោកសង្កត់ធ្ងន់ថា ក្រុមការងារទាំងពីរកំពុងប្រឹងប្រែងបញ្ចប់កិច្ចពិភាក្សាពាណិជ្ជកម្មឱ្យបានឆាប់បំផុត។
ពាណិជ្ជកម្មទំនិញទ្វេភាគីរវាងអាមេរិក និងឥណ្ឌា មានចំនួនសរុប ១២៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ជាមួយនឹងឱនភាពពាណិជ្ជកម្ម ៤៥,៨ពាន់លានដុល្លារអាមេរិក នេះបើយោងតាមទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិក។
លោក Trump សន្យាជាច្រើនខែមកហើយថា ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ុន្តែក្រោយមក បែរជាដំឡើងពន្ធថ្មីទ្វេដងលើការនាំចូលរបស់ឥណ្ឌាដល់ ៥០% ដោយបង្កជាចម្ងល់ពីអនាគតនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងឥណ្ឌា ដែលបានពង្រឹងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump ផងដែរ៕

