មន្ត្រីអាមេរិកម្នាក់បាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមរួចជាស្រេចក្នុងការបន្ថែមការដំឡើងពន្ធដែលកំណត់គោលដៅលើអ្នកទិញប្រេងពីរុស្ស៊ី ប្រសិនបើសហភាពអឺរ៉ុបមានវិធានការស្រដៀងគ្នា ដើម្បីធ្វើឲ្យចុះខ្សោយដល់ប្រាក់ចំណូលដែលទីក្រុងមូស្គូត្រូវការសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។

មន្ត្រីបាននិយាយថា ខណៈមានកិច្ចពិភាក្សារវាងមន្ត្រីអាមេរិកនិងសហភាពអឺរ៉ុប លោកប្រធានាធិបតី Donald Trump បានលើកឡើងពីលទ្ធភាពនៃការដំឡើងពន្ធចន្លោះពី៥០ទៅ១០០ភាគរយលើអ្នកទិញប្រេងដូចជាប្រទេសចិន និងប្រទេសឥណ្ឌា។

កិច្ចពិភាក្សានេះ ធ្វើឡើងខណៈបេសកជនផ្នែកទណ្ឌកម្មរបស់សហភាពអឺរ៉ុបលោក David O'Sullivan ដែលបានដឹកនាំការពង្រីកជាសកលរបស់ប្លុកនេះស្តីពីការការពារការគេចវេសពីទណ្ឌកម្មរបស់ទីក្រុងមូស្គូដែលបានដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងវ៉ាស៊ីនតោនសម្រាប់កិច្ចប្រជុំមួយកាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ។
មន្ត្រីអាមេរិកបាននិយាយថា លោក Trump បានទូរស័ព្ទចូលដើម្បីពិភាក្សាកាលពីថ្ងៃអង្គាររួមជាមួយនាយករដ្ឋមន្ត្រីអ៊ុយក្រែន។ មន្ត្រីរូបនេះបាននិយាយបន្ថែមថា «ប្រភពថវិកាសម្រាប់ម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ីគឺបានមកពីការទិញប្រេងដោយប្រទេសចិន និងឥណ្ឌា»។ «ប្រសិនបើអ្នកមិនទប់ប្រភពចំណូលនោះទេ វាគ្មានវិធីអាចបញ្ឈប់ម៉ាស៊ីនសង្គ្រាមបានឡើយ»។
ជាមួយគ្នានេះ ក៏មានការចូលរួមនៅក្នុងកិច្ចពិភាក្សាផងដែរពីរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent និងមន្ត្រីមកពីការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងក្រសួងការបរទេស។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា ទោះបើលោក Trump «ត្រៀមខ្លួនរួចរាល់ហើយ» លោកជឿជាក់ថា «សហភាពអឺរ៉ុបត្រូវតែនៅជាមួយខាងយើង»។