នាយករដ្ឋមន្ត្រីប្រទេសកាតា លោក Sheikh Mohammed bin Abdulrahman al-Thani បាននិយាយកាលពីថ្ងៃអង្គារ ទី៩ ខែកញ្ញា ប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារមេដឹកនាំក្រុមហាម៉ាសនៅទីក្រុងដូហាថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលគឺជាផ្នែកមួយនៃអត្តសញ្ញាណប្រទេសកាតា ហើយគ្មានអ្វីនឹងរារាំងតួនាទីរបស់ខ្លួនក្នុងរឿងនេះទេ។

ទីក្រុងដូហា រួមជាមួយទីក្រុងគែរ និងទីក្រុងវ៉ាស៊ីនតោន គឺជាអ្នកសម្របសម្រួលដ៏សំខាន់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងអំឡុងសង្គ្រាមនៅតំបន់ហ្កាហ្សា។
លោក al-Thani បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «ប្រទេសកាតា មិនបានបោះបង់កិច្ចខិតខំប្រឹងប្រែងណាមួយឡើយ ហើយនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីបញ្ឈប់សង្រ្គាមនៅតំបន់ហ្កាហ្សា»។

លោកបានស្តីបន្ទោសអ៊ីស្រាអែលចំពោះការបំផ្លិចបំផ្លាញនូវអ្វីដែលលោកបាននិយាយថាជាឱកាសសម្រាប់សន្តិភាព ដោយបានរិះគន់ខ្លាំងៗទៅលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលលោកបាននិយាយថាបានអនុវត្ត«អំពើភេរវកម្មរដ្ឋ»។ លោក Netanyahu បាននិយាយថា ការវាយប្រហារនេះគឺ «សមហេតុផលទាំងស្រុង» ហើយត្រូវបានបញ្ជាឱ្យធ្វើបន្ទាប់ពីការវាយប្រហារនៅទីក្រុងហ្សេរុយសាឡឹម និងការបាត់បង់ទាហានអ៊ីស្រាអែលបួននាក់នៅហ្កាហ្សា។
លោក Al-Thani បាននិយាយថា «ប្រទេសកាតា មានសិទ្ធិក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដ៏បង្ហូរឈាម ហើយនឹងមានវិធានការចាំបាច់ទាំងអស់ដើម្បីឆ្លើយតប» ដោយនិយាយថាក្រុមអ្នកច្បាប់ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយការឆ្លើយតបរបស់ប្រទេសឈូងសមុទ្រចំពោះការវាយប្រហារនេះ។