អ្នកចរចាអាមេរិក និងជប៉ុន បានចំណាយពេលជាច្រើនខែដើម្បីដោះស្រាយកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ បច្ចុប្បន្ននេះ វាត្រូវបានដំណើរការជាផ្លូវការហើយ ហើយការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ជប៉ុន រួមទាំងរថយន្ត ត្រូវបានកំណត់ឱ្យបន្ទាបនៅថ្ងៃអង្គារក្រោយ។

ការចុះបញ្ជីសហព័ន្ធរបស់សហរដ្ឋអាមេរិក បានចេញផ្សាយក្រឹត្យរបស់ប្រធានាធិបតី លោក Donald Trump ដែលបានអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ លោកបានចុះហត្ថលេខាលើក្រឹត្យនេះកាលពីថ្ងៃទី៤ ខែសីហា។
វាកាត់បន្ថយការដំឡើងពន្ធលើរថយន្តជប៉ុនមកនៅត្រឹម១៥ភាគរយ ជាអត្រាមូលដ្ឋានដែលនឹងត្រូវបានអនុវត្តចំពោះទំនិញផ្សេងៗទៀតភាគច្រើនពីប្រទេសជប៉ុន។ អត្រាដែលបានពិនិត្យឡើងវិញនឹងចូលជាធរមានក្នុងរយៈពេលប្រាំពីរថ្ងៃចាប់ពីថ្ងៃផ្សព្វផ្សាយ។

ក្រឹត្យនេះចែងថា នឹងគ្មានពន្ធផ្សេងទៀតដែលនឹងត្រូវបានដាក់លើផលិតផលជប៉ុនដែលប្រឈមទៅនឹងអត្រា១៥ភាគរយឬច្រើនជាងនេះរួចទៅហើយ។
បន្ទាប់ពីលោក Trump បានចុះហត្ថលេខាលើក្រឹត្យនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Howard Lutnick និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន លោក Akazawa Ryosei បានចុះហត្ថលេខាលើអនុស្សរណៈមួយនៅទីក្រុងវ៉ាស៊ីនតោន។ អនុស្សរណៈអំពាវនាវឱ្យប្រទេសជប៉ុនវិនិយោគទឹកប្រាក់ ៥៥០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក។