អតីតរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អាណាឡេណា ប៊ែបក(Annalena Baerbock) បានបើកសម័យប្រជុំលើកទី៨០នៃមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ទី៩ ខែកញ្ញា ដោយអំពាវនាវឱ្យមានការស្វែងរកដំណោះស្រាយជាថ្មី និងបានព្រមានថាស្ថាប័នពិភពលោកប្រឈមនឹង «ភាពមិនច្បាស់លាស់» ខណៈជួបវិបត្តិពិភពលោកជាច្រើន។

លោកស្រី Baerbock បានស្បថចូលកាន់តំណែងកាលពីថ្ងៃអង្គារ ជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ។ លោកស្រី Baerbock បានអំពាវនាវកុំឱ្យយកចិត្តទុកខ្លាំងពេកលើនីតិវិធី និងឲ្យយកចិត្តទុកដាក់កាន់តែខ្លាំងលើសកម្មភាពជាក់ស្តែង។ លោកស្រីនិយាយថា «យើងឈរនៅលើផ្លូវបំបែក ជាពេលនៃភាពមិនច្បាស់លាស់»។
លោកស្រី Baerbock បានជំរុញសមាជិកឱ្យប្តេជ្ញាអនុវត្តជំហានជាក់ស្តែង មានចាប់ពីការអប់រំ រហូតដល់ការសង្គ្រោះមនុស្សធម៌។ អតីតរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានស្បថចូលកាន់តំណែង ជាប្រធានទី៨០នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដោយសន្យាថានឹងដឹកនាំស្ថាប័នមួយនេះដែលកំពុងឆ្លងកាត់ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងភាពតានតឹងផ្នែកស្ថាប័នរយៈពេលមួយឆ្នាំ។ ក្រោយមក លោកស្រី Baerbock បានប្រាប់អ្នកសារព័ត៌មានថា សម័យប្រជុំលើកទី៨០ របស់មហាសន្និបាតគឺ «ពុំមែនជាសម័យប្រជុំសម័ញ្ញនោះទេ» ក្នុងពេលមានជម្លោះនៅតំបន់ហ្កាហ្សា អ៊ុយក្រែន ស៊ូដង់ និងប្រទេសហៃទី។ លោកស្រី បាននិយាយថា «ការស្បថចូលកាន់តំណែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ រំឭកយើងពីអ្វីដែលពិភពលោកអាចសម្រេចបានរួមគ្នា»។