មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រកាន់ខ្ជាប់នូវកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ នៅក្នុងសុន្ទរកថាប្រារព្ធខួបបង្កើតប្រទេសកូរ៉េខាងជើង នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង នៅថ្ងៃពុធនេះ។

ទីភ្នាក់ងារព័ត៌មានកណ្ដាលកូរ៉េខាងជើង (KCNA) បានដកស្រង់សម្តីលោក Kim ដោយនិយាយនៅក្នុងសុន្ទរកថានៅឯពិធីខួបបង្កើតប្រទេស ដែលបានធ្វើឡើងនៅសាលប្រជុំ Mansudae ក្នុងទីក្រុងព្យុងយ៉ាងថា បុព្វហេតុនៃការកសាងប្រទេសដ៏មានឥទ្ធិពលកំពុងត្រូវបានមើលឃើញពោពេញដោយមោទនភាពនៅពេលនេះ ដែលរដ្ឋរបស់យើងមានឋានៈប្រកបដោយភាពជោគជ័យ។
កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ប្រទេសកូរ៉េខាងជើងបានប្រារព្ធខួបលើកទី ៧៧ នៃការបង្កើតប្រទេសនៅថ្ងៃទី៩ខែកញ្ញាឆ្នាំ ១៩៤៨ ដោយជីតារបស់មេដឹកនាំបច្ចុប្បន្នគឺលោក Kim Il-sung នៅតំបន់ភាគខាងជើងកុម្មុយនិស្តនៃឧបទ្វីបកូរ៉េ។
មេដឹកនាំកូរ៉េខាងជើងរូបនេះ ពុំបាននិយាយដោយផ្ទាល់អំពីអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែការលើកឡើងរបស់លោកចំពោះ ឋានៈដ៏មានតម្លៃ ទំនងសំដៅទៅលើឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសនេះ៕

