អង្គការសហប្រជាជាតិក្នុងប្រទេសនេប៉ាល់បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតដ៏សោកនាដកម្ម និងការកើនឡើងនៃអំពើហិង្សាក្នុងអំឡុងពេលការតវ៉ាដែលដឹកនាំដោយក្រុមតវ៉ាយុវជនសម័យថ្មី(Gen Z) ដែលកំពុងបន្តដោយអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងស្វែងរកការសន្ទនា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ អង្គការសហប្រជាជាតិបាននិយាយថា ខ្លួនមាន "ការឈឺចាប់យ៉ាងខ្លាំង" ដោយភាពតានតឹងកាន់តែខ្លាំងឡើង និងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអ្នកស្លាប់ ខណៈជូនពរអ្នករបួសឱ្យឆាប់ជាសះស្បើយ។
អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា សេរីភាពនៃការបញ្ចេញមតិ សិទ្ធិទទួលបានព័ត៌មាន និងការជួបជុំដោយសន្តិវិធី គឺជាសិទ្ធិជាមូលដ្ឋានដែលត្រូវបានធានាក្រោមទាំងច្បាប់នេប៉ាល់ និងច្បាប់អន្តរជាតិ។
អង្គការនេះបានជំរុញឱ្យក្រុមអ្នកតវ៉ាធ្វើបាតុកម្មដោយសន្តិវិធី និងជៀសវាងអំពើហិង្សា ទន្ទឹមនឹងនោះក៏បានអំពាវនាវផងដែរ ឱ្យអាជ្ញាធរធានាថា ការឆ្លើយតបនៃការអនុវត្តច្បាប់នៅតែមានសមាមាត្រ និងស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។
សេចក្តីថ្លែងការណ៍បាននិយាយថា រាល់ការចោទប្រកាន់អំពីការប្រើប្រាស់កម្លាំងហួសហេតុ គួរតែត្រូវបានស៊ើបអង្កេតភ្លាមៗ ក្នុងលក្ខណៈឯករាជ្យ តម្លាភាព និងមិនលំអៀង៕

