វាយកូនបាល់៖ កីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal កាន់តែកៀកក្នុងការដណ្តើមជើងឯក Grand Slam លើកទី២១ ក្នុងអាជីពក្រោយយកឈ្នះកីឡាករកាណាដា Denis Shapovalov ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Australian Open លើកទី៧។ កីឡាករលំដាប់លេខ ៦ ក្នុងកម្មវិធីរូបនេះបានយកឈ្នះពីរសិតដំបូង ៦-៣ និង ៦-៤ មុនពេលដែល Shapovalov វាយបកតាមស្មើវិញពីរសិតផ្ទួនៗ ៦-៤ និង ៦-៣។

នៅក្នុងសិតទីបួន Nadal ក៏មានបញ្ហាសាច់ដុំបន្តិចបន្តួចក៏ដោយឈានចូលសិតទី៥ Rafael Nadal បានយកឈ្នះ ៦-៣ ដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Australian Open។ Rafael Nadal ត្រូវការឈ្នះតែពីរប្រកួតទៀតប៉ុណ្ណោះ នឹងអាចក្លាយជាកីឡាករដែលឈ្នះជើងឯក Grand Slam ច្រើនជាងគេសរុប ២១លើកពីលើ Novak Djokovic និង Roger Federer។ គូប្រកួតរបស់ Rafael Nadal នៅវគ្គ ៨នាក់ចុងក្រោយគឺកីឡាករអ៊ីតាលី Matteo Berrettini ដែលបានយកឈ្នះកីឡាករបារាំង Gael Monfils។
ការប្រកួតរវាងកីឡាករទាំងពីរក៏ត្រូវលេងដល់ ៥សិតដែរពោលគឺ Berrettini បានយកឈ្នះពីរសិតដំបូង ៦-៤ និង ៦-៤ មុនពេលដែលកីឡាករបារាំង Gael Monfils តាមស្មើវិញពីរសិតផ្ទួនៗ ៦-៣ និង ៦-៣។ យ៉ាងណាក្តីសិតចុងក្រោយ Matteo Berrettini បានយកឈ្នះ ៦-២ ដើម្បីក្លាយជាកីឡាករអ៊ីតាលីទី ១ ឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Australian Open នេះ៕
អត្ថបទ៖នាង សុភាវុធ