ក្រុមគំនិតផ្តួចផ្តើមជំនួយអន្តរជាតិ ឈ្មោះថា Global Sumud Flotilla (GSF) ដើម្បីយកគ្រឿងផ្គត់ផ្គង់សំខាន់ៗទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាម បាននិយាយនៅថ្ងៃពុធ (១០ កញ្ញា) នេះថា នាវារបស់ខ្លួនមួយគ្រឿងត្រូវបានវាយប្រហារដោយយានដ្រូននៅឯកំពង់ផែទុយនីស៊ី ក្នុងការវាយប្រហារបែបនេះជាលើកទីពីរហើយក្នុងរយៈពេលពីរថ្ងៃ។

ក្រុម GSF — ដែលកំពុងព្យាយាមបំបែកការរាំងខ្ទប់របស់កងទ័ពជើងទឹករបស់អ៊ីស្រាអែល និងផ្តល់ជំនួយមនុស្សធម៌ឱ្យដល់តំបន់ហ្កាហ្សាដោយប្រើទូកស៊ីវិល — បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដំណើរ និងបុគ្គលិកទាំងអស់នៅលើនាវានោះ មិនមានរបួសអ្វីឡើយ។

ក្រុម GSF បានរាយការណ៍ពីការវាយប្រហារលើកដំបូងកាលពីថ្ងៃអង្គារ ដោយនិយាយថា នាវាមួយគ្រឿងរបស់ខ្លួនត្រូវបានវាយប្រហារដោយយានដ្រូនក្នុងដែនទឹកទុយនីស៊ី នៅកំពង់ផែ Sidi Bou Said ប៉ុន្តែអាជ្ញាធរទុយនីស៊ីបានច្រានចោលថាជារបាយការណ៍មិនពិត។

អ្នករៀបចំម្នាក់នៃក្រុមជំនួយស៊ីវិលនោះបានចោទអ៊ីស្រាអែល ថាជាអ្នកធ្វើការវាយប្រហារទាំងនេះ។ ក្បួនជំនួយផ្លូវទឹកនេះបានកើតឡើង បន្ទាប់ពីអ៊ីស្រាអែល បានបិទខ្ទប់តំបន់ហ្កាហ្សា តាមដីគោកនៅដើមខែមីនា ហើយមិនអនុញ្ញាតឱ្យមានការផ្គត់ផ្គង់ជំនួយទាល់តែសោះរយៈពេល ៣ខែ ដែលនាំឱ្យមានកង្វះខាតស្បៀងអាហារ និងភាពអត់ឃ្លានយ៉ាងទូលំទូលាយ៕