ប្រភពការទូតបានប្រាប់បណ្ដាញសារព័ត៌មានថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃពុធ (ទី១០ ខែកញ្ញា) នេះ បន្ទាប់ពីមានការវាយប្រហារពីសំណាក់អ៊ីស្រាអែល ដែលបានដាក់គោលដៅលើមន្ត្រីក្រុមហាម៉ាស នៅក្នុងប្រទេសកាតា។

ប្រភពបានឲ្យដឹងកាលពីថ្ងៃអង្គារថា កិច្ចប្រជុំដែលបានគ្រោងធ្វើនៅម៉ោង ៣:០០រសៀល ម៉ោងនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក (ត្រូវនឹងម៉ោង ១៩:០០ ម៉ោងសកល) ត្រូវបានស្នើឡើងដោយអាល់ហ្សេរី និងប៉ាគីស្ថាន ក្នុងចំណោមប្រទេសផ្សេងទៀត។
គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃអង្គារ បានកំណត់គោលដៅទៅលើមេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស នៅក្នុងប្រទេសដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក គឺកាតា ដែលជាកន្លែងនៃការរៀបចំកិច្ចចរចាសន្តិភាពនៅតំបន់ហ្កាហ្សាម្តងហើយម្តងទៀត។
សេតវិមានបានឲ្យដឹងថា ប្រធានាធិបតី លោក Donald Trump មិនយល់ស្របនឹងការសម្រេចរបស់អ៊ីស្រាអែល ក្នុងការចាត់វិធានការយោធាលើដែនដីរបស់សម្ព័ន្ធមិត្តអាមេរិកនោះឡើយ ហើយបានព្រមានកាតាជាមុន អំពីការវាយប្រហារនោះ។
ប៉ុន្តែប្រទេសកាតា ដែលជាទីតាំងមូលដ្ឋានយោធាដ៏ធំរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួនមិនបានទទួលការព្រមានពីទីក្រុងវ៉ាស៊ីនតោនទេ រហូតទាល់តែមានការវាយប្រហាររួចហើយ។
កាតាបានថ្កោលទោសការវាយប្រហារនេះ ដែលខ្លួនបានប្រាប់ថា សំដៅទៅលើផ្ទះសម្បែងរបស់សមាជិកមួយចំនួននៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាស ដែលរស់នៅក្នុងប្រទេសឈូងសមុទ្រ ជាកន្លែងដែលថ្នាក់ដឹកនាំរបស់ក្រុមនេះស្ថិតនៅ៕

