ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្ដេចនឹងប្រើប្រាស់ថវិកាដែលបានមកពីការលក់សៀវភៅ«គូព្រេង មិនព្រាត់» សម្រាប់សាងសង់ផ្ទះសម្បែងជូនអតីតយុទ្ធជន។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះនៅក្នុងសំណេររបស់សម្ដេចនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅព្រឹកថ្ងៃនេះ។
នៅក្នុងសំណេរនេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្ដេចបានសរសេរសៀវភៅមួយក្បាលមានចំណងជើងថា «គូព្រេង មិនព្រាត់» ដែលត្រូវបានបោះពុម្ពផ្សាយជាភាសាខ្មែរ អង់គ្លេស និងចិន។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការភ្ញាក់ផ្អើល បន្ទាប់ពីបានដឹងថា សៀវភៅជាភាសាចិន អាចលក់បាន ១,៥០០ក្បាលនៅក្នុងរយៈពេលដ៏ខ្លី និងរកចំណូលបាន ៧,៥០០ដុល្លារហើយ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ខ្ញុំនឹងប្រើថវិកានេះសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន»។
សៀវភៅ«គូព្រេង មិនព្រាត់» ត្រូវបានប្រែសម្រួលជាភាសាអង់គ្លេស និងភាសាចិនផងដែរ។ សម្រាប់ភាសាចិន សៀវភៅនេះ ត្រូវបានរាប់រងប្រែសម្រួល និងបោះពុម្ពផ្សាយដោយសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា៕


