ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ (Basarnas) នៅកោះ Bali បានឲ្យដឹងថា ក្រុមមានប្រតិបត្តិការរួមគ្នា SAR នៅតែបន្តកិច្ចប្រឹងប្រែងចូលទៅកាន់តំបន់មានទឹកជំនន់ ដើម្បីជម្លៀសអ្នកស្រុក ជាពិសេសនៅក្នុងទីក្រុង Denpasar។

ប្រធានការិយាល័យទីភ្នាក់ងារ Basarnas លោក I Nyoman Sidakarya នៅថ្ងៃពុធ (ទី១០ ខែកញ្ញា) បានទទួលស្គាល់ពីការលំបាក ក្នុងការចូលទៅកាន់ទីតាំងដែលត្រូវបានគូសផែនទីកំណត់ជាតំបន់រងគ្រោះដោយទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ ក្នុងតំបន់នៃកោះ Bali (BPBD) ពីព្រោះទឹកជំនន់ បានប៉ះពាល់ដល់តំបន់ Denpasar ស្ទើរតែទាំងស្រុង ដោយសារតែភ្លៀងធ្លាក់ខ្លាំងជាង ២៤ម៉ោង។
លោក Sidakarya បានបញ្ជាក់ថា៖ «ក្រុមការងារកំពុងជួបការលំបាកក្នុងការធ្វើដំណើរទៅកាន់តំបន់លិចទឹក។ ទឹកជំនន់មានគ្រប់ទីកន្លែង សូម្បីតែរថយន្តដឹកទំនិញ ក៏ស្ទើរតែមិនអាចឆ្លងកាត់បាន។ តែយើងនៅតែព្យាយាមទៅឲ្យដល់ទីតាំងដែលរងគ្រោះ»។
លោកបានបន្តទៀតថា៖ «ដំបូង បុគ្គលិកបានជួបប្រទះឧបសគ្គ ក្នុងការធ្វើដំណើរ ដោយសារផ្លូវចូលជាច្រើនត្រូវបានជន់លិច ដោយធ្វើឲ្យរថយន្តសង្គ្រោះមិនអាចឆ្លងកាត់បាន។ ប៉ុន្តែរថយន្តមួយចំនួនបានចូលទៅដល់»។
គិតត្រឹមម៉ោង ១១:០០ព្រឹក ម៉ោងក្នុងស្រុក ទីភ្នាក់របស់លោកបានដាក់ពង្រាយបុគ្គលិកទៅកាន់តំបន់ដែលរងគ្រោះខ្លាំងជាងគេ ក្នុងទីក្រុង Denpasar ដូចជា Pulau Misol, Pulau Biak 1, Pura Demak និង Teuku Umar។
លោក Sidakarya បានឲ្យដឹងបន្ថែមថា៖ «យើងកំពុងធ្វើបច្ចុប្បន្នភាពទិន្នន័យជាមួយ BPBD ទាក់ទងនឹងសំណើជម្លៀស និងទិន្នន័យ ស្តីពីជនរងគ្រោះដែលត្រូវបានជម្លៀសចេញ ដើម្បីចងក្រងទិន្នន័យទាំងមូល»៕

