ភ្នំពេញ៖ មន្ទីរសាធារណការរាជធានីភ្នំពេញ បានបន្តយកចិត្តទុកដាក់ជាប្រចាំពីបញ្ហា គំនូសសញ្ញាចរាចរណ៍ ការខូចខាតផ្លូវ ការកក់ស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង ១៤ខណ្ឌ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍។
ជាក់ស្ដែងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ សកម្មភាពលាបថ្នាំបេតុងពុះចែកទ្រូងផ្លូវ និង លាបគំនូសចរាចរណ៍ តាមបណ្ដោយផ្លូវលេខ៥ ត្រង់ចំណុចក្រោមស្ពានជ្រោយចង្វារ រហូតដល់គល់ស្ពានប៉ាឡេ ក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរនៅតាមបណ្ដោយផ្លូវលេខ៥នេះ គំនូសចរាចរ និងបេតុងពុះចែកទ្រូងផ្លូវ ថ្នាំពណ៌ចំណាំងផ្លាតរលប់បាត់មើលមិនច្បាស់ បង្កឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ពិបាកធ្វើដំណើរ អាចបង្កគ្រោះថ្នាក់ចរាចរណ៍ដោយកត្ដាផ្លូវថ្នល់មួយចំនួនផងដែរ។
ដូចនេះ មន្ទីរសាធារណៈការរាជធានីភ្នំពេញ បានបន្តជួសជុល និងលាបពណ៌គំនូសចរាចរ បង្ហើយការងារ ដើម្បីដាក់ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល មិនបង្កការកកស្ទះ និងបង្កគ្រោះថ្នាក់ចរាចរណ៍នាពេលយប់ញឹកញាប់ដូចពេលកន្លងមក៕ អត្ថបទ៖ កុម្ភះ



