នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅថ្ងៃពុធ (ទី១០ ខែកញ្ញា) នេះ បានហៅការលុកលុយដែនអាកាសប៉ូឡូញដោយយានដ្រូនរបស់រុស្ស៊ីថា ជា «ការធ្វេសប្រហែសធ្ងន់ធ្ងរខ្លាំងណាស់» ដោយនិយាយថា ការធ្វើបែបនេះបង្ហាញពី «ការមិនយកចិត្តទុកដាក់ ចំពោះសន្តិភាព» ពីសំណាក់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ា Vladimir Putin។
លោក Starmer បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងមិនធ្លាប់មានពីមុនមកលើដែនអាកាសរបស់ប្រទេសប៉ូឡូញ និងអង្គការណាតូ (NATO) ដោយយានដ្រូនរបស់រុស្ស៊ី គឺបង្កឲ្យមានក្ដីបារម្ភយ៉ាងខ្លាំង»។

លោកបានបញ្ជាក់ថា លោកបានទាក់ទងជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នៅព្រឹកថ្ងៃពុធនេះ «ដើម្បីបញ្ជាក់យ៉ាងច្បាស់លាស់ អំពីការគាំទ្ររបស់យើង ចំពោះប៉ូឡូញ ហើយថា យើងនឹងឈរយ៉ាងរឹងមាំ សម្រាប់ការគាំទ្ររបស់យើង ចំពោះអ៊ុយក្រែន»។
លោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានបន្ថែមថា៖ «ខ្ញុំពិតជាដឹងគុណ ចំពោះកងកម្លាំងអង្គការណាតូ និងប៉ូឡូញ ដែលបានឆ្លើយតបយ៉ាងឆាប់រហ័ស ដើម្បីការពារសម្ព័ន្ធភាព»។
ប្រទេសប៉ូឡូញ ដែលមានជំនួយពីប្រព័ន្ធការពារការពារដែនអាកាសរបស់អង្គការណាតូ បានជួយទប់ទល់នឹងយានដ្រូនរុស្ស៊ីជាច្រើនគ្រឿង ដែលបានហោះចូលទឹកដីប៉ូឡូញពេញមួយយប់៕

