វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់ម្ចាស់ផ្ទះអូស្ត្រាលី Ashleigh Barty បានបន្តដំណើរឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam, Australian Open ហើយក្រោយយកឈ្នះកីឡាការិនីអាមេរិក Jessica Pegula។ មិនមែនជាការប្រកួតតានតឹងមួយឡើយដោយកីឡាការិនីលំដាប់លេខ ១ ពិភពលោក និងជាក្តីសង្ឃឹមរបស់ប្រជាជនអូស្ត្រាលីនោះបានយកឈ្នះមិនលំបាក ៦-២ និង ៦-០។

Ashleigh Barty កំពុងប៉ុនប៉ងចង់ក្លាយជាកីឡាការិនីអូស្ត្រាលីទី១ ដែលឈ្នះជើងឯក Australian Open ក្នុងទឹកដីខ្លួនឯងតាំងពីឆ្នាំ១៩៧៨។ Ashleigh Barty ដែលមកទល់ពេលនេះមិនទាន់ចាញ់សូម្បី ១សិតនៅឡើយនោះនឹងឡើងជុំបន្តជួបជាមួយកីឡាការិនីអាមេរិកមួយរូបទៀត Madison Keys ដែលបានយកឈ្នះកីឡាការិនីជើងឯក French Open, Barbora Krejcikova។ មិនខុសពី Barty ដែរកីឡាការិនីអាមេរិក Madison Keys បានយកឈ្នះ Krejcikova លទ្ធផល ២សិតផ្ទួនៗ ៦-៣ និង ៦-២។ បរាជ័យរបស់ Barbora Krejcikova ក៏បានន័យថា Ashleigh Barty បន្តឈរលេខ ១ ពិភពលោកដដែលក្រោយចប់ Australian Open នេះ៕
អត្ថបទ៖នាង សុភាវុធ