ផ្ទុះរថយន្តដឹកហ្គាសមួយគ្រឿងបានបង្កឲ្យមានអគ្គិសភ័យឆេះយ៉ាងសន្ធោសន្ធៅនៅលើផ្លូវហាយវ៉េមួយកន្លែងនៅភាគអាគ្នេយ៍ទីក្រុង Mexico City កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣នាក់ស្លាប់ និង៧០នាក់រងរបួស ក្នុងនោះមនុស្ស១៩នាក់រលាកភ្លើងធ្ងន់ធ្ងរ។

អាជ្ញាធរទីក្រុងនិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលរថយន្តដឹកហ្គាសមួយគ្រឿងបានក្រឡាប់ហើយបានផ្ទុះនៅលើផ្លូវហាយវ៉េក្បែរព្រំដែនរវាងទីក្រុង Iztapalapa និងទីក្រុង Chalco នៅជាយរដ្ឋម៉ិកស៊ិក។

អភិបាលក្រុង Mexico City លោក Clara Brugada បានរាយការណ៍ថា មនុស្ស៣នាក់ស្លាប់ និង៧០នាក់រងរបួសហើយក្នុងចំណោមអ្នករងរបួសមាន១៩នាក់បានរលាកភ្លើងធ្ងន់ធ្ងរ ខណៈជនរងគ្រោះដែលនៅសល់របួសស្រាល។
ក្រុមអ្នកពន្លត់អគ្គិភ័យទីក្រុង Mexico City បាននិយាយថា ពួកគេបានពន្លត់ភ្លើងឲ្យរលត់ទាំងស្រុងនៅទីតាំងរថយន្តដឹកហ្គាសក្រឡាប់ ហើយមូលហេតុនៃគ្រោះថ្នាក់រថយន្តនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។