កងទ័ពនេប៉ាល់ ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវនានានៃទីក្រុង Kathmandu ដើម្បីទប់ស្កាត់ភាពចលាចលដោយហិង្សាដែលបង្ខំឱ្យថ្នាក់ដឹកនាំនយោបាយចុះចេញពីតំណែង ហើយបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ចំនួនអ្នកស្លាប់ក្នុងការតវ៉ាហិង្សានេះបានកើនឡើងដល់៣០នាក់។

សារព័ត៌មាន The Hindu បានរាយការណ៍ ដោយដកស្រង់ពីក្រសួងសុខាភិបាល និងប្រជាជននេប៉ាល់ថាគិតត្រឹមល្ងាចថ្ងៃទី ១០ ខែកញ្ញា ចំនួនអ្នករងរបួសកើនឡើងដល់ជាង១.០០០ នាក់ ។
ការដាក់ពង្រាយកងទ័ពបានចាប់ផ្តើមកាលពីល្ងាចថ្ងៃទី ៩ ខែកញ្ញាបន្ទាប់ពីនាយករដ្ឋមន្រ្តីលោកSharma Oli បានលាលែងពីតំណែង ខណៈក្រុមអ្នកតវ៉ាបានសម្រុកចូលការិយាល័យរបស់លោក ហើយបានដុតបំផ្លាញលំនៅដ្ឋានឯកជនរបស់លោក និងអគាររដ្ឋាភិបាលផ្សេងទៀត។
រលកទីមួយនៃការតវ៉ាត្រូវបានបង្កឡើងដោយការហាមប្រាមលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមមួយចំនួន ហើយបានរីករាលដាលកាន់តែខ្លាំងកាលពីថ្ងៃទី ៩ ខែកញ្ញា ខណៈក្រុមបាតុករទាមទារឱ្យចាត់វិធានការប្រឆាំងនឹងអភិបាលកិច្ចទន់ខ្សោយ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អាកាសយានដ្ឋានក្នុងរដ្ឋធានីនៅតែបិទនៅឡើយ។
ប្រទេសនៅតំបន់ភ្នំហិម៉ាឡៃមួយនេះ គឺជាប្រទេសចុងក្រោយបង្អស់នៅក្នុងតំបន់អាស៊ីខាងត្បូង ដែលត្រូវបានរង្គោះរង្គើដោយការតវ៉ាតាមដងផ្លូវប្រឆាំងរដ្ឋាភិបាលដោយហិង្សា ដែលជំរុញភាគច្រើនដោយយុវជន។
នៅឆ្នាំ២០២៤ បាតុកម្មនៅក្នុងប្រទេសបង់ក្លាដែស បានឈានដល់ការបណ្តេញមេដឹកនាំលោកស្រី Sheikh Hasina ចេញពីតំណែង ខណៈនៅឆ្នាំ២០២២ រដ្ឋាភិបាលរបស់ប្រទេសស្រី លង្កា ក៏បានដួលរលំស្របពេលមានភាពចលាចលដ៏ធំផងដែរ៕

