លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធ ១០ កញ្ញាសប្ដាហ៍នេះ បានថ្កោលទោសការធ្វើឃាតដ៏សាហាវលើសកម្មជនស្តាំនិយមលោក Charlie Kirk ដោយចាត់ទុករូបលោកជាមនុស្សដែលមានជំនឿយ៉ាងជ្រាលជ្រៅ ។

លោក Trump បានហៅការបាញ់សម្លាប់លើលោក Charlie Kirk ថាជាពេលវេលាដ៏ខ្មៅងងឹតសម្រាប់សហរដ្ឋអាមេរិក ហើយលោកបានប្ដេជ្ញាតាមចាប់ខ្លួនជនល្មើសឲ្យទាល់តែបាន ខណៈនគរបាលកំពុងតាមប្រម៉ាញ់ឃាតករ។
លោក Trump ក៏បានរិះគន់ផងដែរចំពោះការបែកបាក់គ្នាផ្នែកនយោបាយក្នុងប្រទេសដែលបានជំរុញឲ្យមានអំពើហិង្សានៅសហរដ្ឋអាមេរិក។

លោកថាអំពើហិង្សានយោបាយឆ្វេងនិយមជ្រុល បានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនស្លូតត្រង់ច្រើនខ្លាំងណាស់ និងបានឆក់យកជីវិតមនុស្សជាច្រើន។ យប់នេះ ខ្ញុំសុំឱ្យជនជាតិអាមេរិកទាំងអស់ ប្តេជ្ញាខ្លួនឯងចំពោះគុណតម្លៃរបស់អាមេរិក ដែលលោក Charlie Kirk រស់នៅ និងស្លាប់ក្នុងទឹកដីនេះ។
ក្រុមមន្ត្រីជឿថា ការបាញ់ប្រហារបានធ្វើឡើងពីលើដំបូលអគារ។
លោក Trump បានបង្គាប់ឲ្យបង្ហូតទង់ជាតិពាក់កណ្ដាលដងនៅសហរដ្ឋអាមេរិកដើម្បីជាការគោរពវិញ្ញាណក្ខន្ធចំពោះលោក Kirk ។
លោក Kirk ដែលជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលរបស់ប្រធានាធិបតី Donald Trump ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃពុធ ក្នុងព្រឹត្តិការណ៍មួយនៅឯសាកលវិទ្យាល័យ Utah ៕