មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃពុធ ទី១០ ខែកញ្ញាថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានសន្ទនាតាមទូរស័ព្ទជាលើកដំបូងជាមួយសមភាគីចិន ហើយបានសង្កត់ធ្ងន់ថា អាមេរិក មិនស្វែងរកជម្លោះជាមួយចិនទេ ប៉ុន្តែនឹងការពារផលប្រយោជន៍សំខាន់ៗរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ប្រទេសចិនគឺជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏សំខាន់របស់ទីក្រុងវ៉ាស៊ីនតោន ហើយលោក Hegseth បានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារកាលពីខែឧសភា នៅពេលដែលលោកបានជំរុញឱ្យសម្ព័ន្ធមិត្តនានាក្នុងតំបន់ចំណាយប្រាក់បន្ថែមទៀតលើវិស័យការពារជាតិ បន្ទាប់ពីបានព្រមានអំពីការគំរាមកំហែង «ពិតប្រាកដ និងអាចកើតមានឡើង» ពីសំណាក់ប្រទេសចិន។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បាននិយាយថា លោក Hegseth និងរដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បានសន្ទនាតាមទូរស័ព្ទ «ដោយស្មោះត្រង់ និងបែបស្ថាបនា»។ លោកបាននិយាយថា «រដ្ឋមន្ត្រី លោក Hegseth បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកមិនស្វែងរកជម្លោះជាមួយប្រទេសចិនទេ ហើយក៏ពុំមែនជាការព្យាយាមធ្វើឲ្យផ្លាស់ប្តូររបប ឬធ្វើឲ្យអន្តរាយដល់សាធារណៈរដ្ឋប្រជាមានិតចិននោះដែរ។ ទោះជាយ៉ាងណា ក្នុងពេលជាមួយគ្នានេះ លោកបាននិយាយដោយត្រង់ៗថា សហរដ្ឋអាមេរិកមានផលប្រយោជន៍សំខាន់ៗនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាតំបន់អាទិភាព ហើយនឹងការពារយ៉ាងដាច់ខាតនូវផលប្រយោជន៍ទាំងនោះ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចេញក្រឹត្យឱ្យក្រសួងការពារជាតិ ប្តូរឈ្មោះក្រសួងថា ជាក្រសួងសង្គ្រាម។ ឈ្មោះថ្មីនេះនឹងអនុវត្តចំពោះលោកHegseth ផងដែរដោយផ្លាស់ប្តូរឈ្មោះតំណែងរបស់លោកទៅជា «រដ្ឋមន្ត្រីសង្គ្រាម» ។