ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានប្រាប់អ្នកចូលរួមកម្មវិធីមួយនៅក្នុងទីក្រុងឡុងដ៍្រ កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា ថា សង្រ្គាមកំពុងបន្តរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា គឺ «ការពារអឺរ៉ុប» និង «តម្លៃប្រទេសលោកខាងលិច»។ លោកនិយាយថា «យើងកំពុងការពារអឺរ៉ុប យើងកំពុងការពារតម្លៃលោកខាងលិចនិងពិភពលោកសេរី ដោយឈាមនិងទឹកភ្នែករបស់កូនប្រុសស្រីនិងក្រុមគ្រួសាររបស់យើង»។

លោក Herzog បាននិយាយបន្ថែមថា «អ៊ីស្រាអែល នៅទីនោះនៅជួរមុខនៃការប្រយុទ្ធប្រឆាំងអរិយធម៌ក្រុមជីហាដ»។ សុន្ទរកថារបស់លោក Herzog ក្នុងព្រឹត្តិការណ៍មួយនៅវិទ្យាស្ថាន Chatham House ក្នុងទីក្រុងឡុង្រ៍បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោកបានជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅការិយាល័យ Downing Street ។

លោក Herzog បាននិយាយថាលោកបានជជែកតវ៉ាជាមួយ លោក Starmer ក្នុងអំឡុងពេលជំនួប «ដ៏លំបាក» ដែលគ្របដណ្តប់ដោយការខ្វែងគំនិតគ្នាយ៉ាងជ្រៅលើចំណាត់ការថ្មីៗរបស់ប្រទេសនីមួយៗ។ ជំនួបនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែល បានពង្រីកការវាយប្រហាររបស់ខ្លួនលើក្រុមហាម៉ាសដោយបើកការវាយប្រហារតាមអាកាសក្នុងគោលបំណងសម្លាប់មេដឹកនាំនយោបាយរបស់ក្រុមអ៊ីស្លាមនិយមមួយនេះនៅក្នុងប្រទេសកាតា ជាសម្ព័ន្ធមិត្តរបស់អង់គ្លេសនៅមជ្ឈិមបូព៌ាដែលលោក Starmer បានថ្កោលទោស។