ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូកាលពីថ្ងៃពុធ ទី១០ ខែកញ្ញា ថា អ៊ុយក្រែនបានកត់ត្រាយានដ្រូនរបស់រុស្ស៊ីចូលទៅកាន់ព្រំដែនប្រទេសប៉ូឡូញ ដោយអះអាងថា វាពុំមែនជាឧបទ្ទវហេតុឬកំហុសនោះទេ ប៉ុន្តែជាសកម្មភាពដោយចេតនា។

ប្រទេសប៉ូឡូញ បានបាញ់ទម្លាក់យានដ្រូនរុស្ស៊ីដែលសង្ស័យកាលពីថ្ងៃពុធដោយមានការគាំទ្រពីយន្តហោះរបស់សម្ព័ន្ធមិត្តណាតូរបស់ខ្លួនជាលើកដំបូងដែលសមាជិកនៃសម្ព័ន្ធយោធាលោកខាងលិចមួយនេះត្រូវបានគេដឹងថាបានបាញ់ប្រហារក្នុងអំឡុងពេលសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ប្រទេសប៉ូឡូញ បាននិយាយថា យានចំនួន១៩គ្រឿង បានចូលទៅក្នុងដែនអាកាសរបស់ខ្លួនក្នុងអំឡុងពេលការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ហើយខ្លួនបានបាញ់ទម្លាក់យានទាំងឡាយណាដែលបង្កការគំរាមកំហែង។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា យានដ្រូនរបស់ខ្លួនបានធ្វើការវាយប្រហារទ្រង់ទ្រាយធំលើមូលដ្ឋានយោធានៅភាគខាងលិចប្រទេសអ៊ុយក្រែន ប៉ុន្តែខ្លួនគ្មានគម្រោងវាយប្រហារគោលដៅណាមួយនៅក្នុងប្រទេសប៉ូឡូញនោះទេ។