មន្ត្រីប្រទេសគុយបា បាននិយាយកាលពីថ្ងៃពុធ ទី១០ ខែកញ្ញាថា ប្រទេសនេះបានចាប់ផ្តើមស្តារថាមពលអគ្គិសនីឡើងវិញបន្ទាប់ពីការដួលរលំបណ្តាញជាតិមួយផ្សេងទៀតរបស់ខ្លួន ដែលឧបទ្ទវហេតុបែបនេះកើតឡើងជាលើកទីបួនក្នុងរយៈពេលមិនដល់មួយឆ្នាំ ដោយធ្វើឱ្យមនុស្សរាប់លាននាក់នៅប្រទេសកោះមួយនេះ គ្មានអគ្គិសនីប្រើប្រាស់។

ការដួលរលំបណ្តាញដែលកាន់តែយ៉ាប់យ៉ឺន កើតមានឡើងបន្ទាប់ពីមានការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់នៅក្នុងប្រទេស ដែលត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយកង្វះប្រេងឥន្ធនៈ ព្យុះសង្ឃរា និងវិបត្តិសេដ្ឋកិច្ច។
អាជ្ញាធរបាននិយាយថា បញ្ហានៅរោងចក្រថាមពល Antonio Guiteras ក្នុងក្រុង Matanzas ដែលជាក្រុមហ៊ុនផលិតអគ្គិសនីធំបំផុតរបស់កោះនេះ បានបណ្តាលឱ្យប្រព័ន្ធជាតិត្រូវបានកាត់ផ្តាច់។

នៅក្នុងសេចក្តីរាយការណ៍មួយតាមទូរទស្សន៍រដ្ឋ មន្ត្រីពុំបានបញ្ជាក់ថាតើវានឹងត្រូវចំណាយពេលប៉ុន្មាននោះទេដើម្បីស្តារសេវាអគ្គិសនីឡើងវិញទាំងស្រុង ខណៈរោងចក្រមានអាយុកាលចាស់ច្រើនទសវត្សរ៍មកហើយ ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីរហូតដល់ប្រហែល២០ម៉ោងក្នុងមួយថ្ងៃដោយគ្មានថាមពលប្រើសប្រាស់ក្នុងប៉ុន្មានខែថ្មីៗនេះ។
នៅតាមលំនៅឋាននានានៅទូទាំងរដ្ឋធានី អ្នកស្រុកបានអុជទៀនបំភ្លឺ និងរៀបចំសម្រាប់យប់មួយផ្សេងទៀតដែលគ្មានអគ្គិសនី។