បន្ទាប់ពីយន្តហោះរបស់អង្គការណាតូ បានស្ទាក់ចាប់យានដ្រូនក្នុងដែនអាកាសប៉ូឡូញ សម្ព័ន្ធយោធាលោកខាងលិចមួយនេះបានប្រឹងប្រែងធានាដល់ពលរដ្ឋរបស់ខ្លួនឡើងវិញកាលពីថ្ងៃពុធ (១០ កញ្ញា) ថា អ្វីៗបានដំណើរការដូចដែលរំពឹងទុក ប៉ុន្តែការទន្រ្ទានដែនអាកាសសមាជិកណាតូ បានចោទជាសំណួរយ៉ាងច្រើនលើខែលការពារយានដ្រូនរបស់សម្ព័ន្ធយោធាមួយនេះ។

ឧបទ្ទវហេតុនេះតំណាងឱ្យការរាលដាលសង្គ្រាមអ៊ុយក្រែន ដ៏ធ្ងន់ធ្ងរបំផុតរហូតមកដល់បច្ចុប្បន្ន ខណៈយន្តហោះណាតូ បាញ់ទម្លាក់យានដ្រូនជាលើកដំបូងបំផុត ដែលខ្លួននិយាយថាមកពីរុស្ស៊ី។ ទីក្រុងមូស្គូ បដិសេធការទទួលខុសត្រូវចំពោះឧប្បត្តិហេតុចុងក្រោយនេះ ដោយអ្នកការទូតជាន់ខ្ពស់នៅប៉ូឡូញ និយាយថា ដ្រូននោះបានមកពីទិសដៅអ៊ុយក្រែន ចំណែកក្រសួងការពារជាតិរុស្ស៊ី និយាយថា ខ្លួនមិនមានគម្រោងវាយប្រហារគោលដៅណាមួយនៅប៉ូឡូញនោះឡើយ។
លោក Mark Rutte អគ្គលេខាធិការអង្គការណាតូ បានប្រកាសថា "ខែលការពារដែនអាកាសណាតូ ត្រូវបើកឱ្យសកម្ម និងធានាបានដោយជោគជ័យនូវការការពារទឹកដីណាតូ"។ យ៉ាងណាមិញ ក្រុមអ្នកវិភាគនិយាយថា ឧបទ្ទវហេតុនេះបានចោទជាចម្ងល់សំខាន់ៗសម្រាប់ណាតូថា "ដ្រូនបរទេសមិនគួរចូលទៅកៀកដែនអាកាសណាតូបានឡើយ កុំថាឡើយការចូលដល់ក្នុងដែនអាកាសបែបនេះ" ហើយថា "តើសម្ព័ន្ធយោធាបំពាក់អាវុធបានល្អប៉ុណ្ណាដើម្បីទប់ទល់នឹងការគំរាមកំហែងបែបនេះ"។

គួររម្លឹកថា កាលពីមុន មានឧប្បត្តិហេតុយានដ្រូនជ្រុលចូលដែនអាកាសតិចតួចបែបនេះច្រើនណាស់ ឬក៏កម្ទេចកម្ទីពីសង្គ្រាមនៅអ៊ុយក្រែន - នៅក្នុងប្រទេសនានារួមទាំងប៉ូឡូញ ឡាតវី និងរូម៉ានី - ប៉ុន្តែណាតូបានជ្រើសរើសមិនឆ្លើយតបដោយយោធានោះទេ៕

