កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង លើកឡើងថា នៅដើមឆ្នាំ២០២២នេះ ខេត្តកំពង់ឆ្នាំង ប្រមូលផលនេសាទបានជាង ៣ម៉ឺនតោន បានកើនឡើងជាង ២ពាន់តោន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
ក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់ និងទិសដៅការងារបន្ត ក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នាទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ មានប្រសាសន៍ថា ការប្រមូលផលនេសាទ នៅក្នុងដែននេសាទបានជាង ១៨ ០០០តោន តាមវាលស្រែជាង ២ ១០០តោន និងនៅក្នុងវារីវប្បកម្មបានជិត ១ម៉ឺនតោន គិតរយៈពេលដូចគ្នា កាលពីឆ្នាំកន្លងទៅ កើនឡើង២ ៥២០តោន ។
ឯកឧត្តម បានបន្តថា សម្រាប់ការចិញ្ចឹមតាមបែបវារីវប្បកម្ម មានគោលដៅ ចិញ្ចឹមយកជាកសិទេសចរណ៍ ដោយនៅកន្លែងចិញ្ចឹមត្រី ឬនៅវាលស្រែ មានជីកស្រះធំៗ កន្លែងអាហារដ្ឋាន ឬភោជនីយដ្ឋាន អាចឲ្យភ្ញៀវអង្គុយកម្សាន្ត ឬទៅស្ទួចត្រីជាដើម ។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការចិញ្ចឹមត្រីនេះ ដោយសាមានពលរដ្ឋខ្លះចិញ្ចឹមតាមបែ ហើយប្រើប្រាស់ឈើច្រើន ត្រូវការកាប់ឈើ ដែលវាប៉ះពាល់ដល់បរិស្ថាន ទើបអាជ្ញាធរខេត្តសហការជាមួយដៃគូ បណ្ដុះបណ្ដាលពលរដ្ឋ ឲ្យចិញ្ចឹមត្រីតាមបែប ប្រព័ន្ធអ៊ីយូ (EU) ប្រើប្រាស់បច្ចេកទេសទំនើប ដែលប្រទេសជាច្រើនកំពុងអនុវត្តវិធីសាស្ត្រចិញ្ចឹមបែបនេះ ដោយវាទទួលបានទិន្នផលល្អ និងកាត់បន្ថយពេលវេលាចិញ្ចឹមផងដែរ ។
គួរបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង ជាខេត្តមួយជាប់នឹងបឹងទន្លេសាប ហើយសម្បូរត្រីទឹកសាប ដោយក្នុងមួយឆ្នាំៗខេត្តមួយនេះ ប្រមូលបានផលនេសាទជាច្រើនម៉ឺនតោន ដែលផលនេសាទទាំងនោះ សម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅក្រៅ៕ អត្ថបទ បាន សុខរិទ្ធិ