នាយករដ្ឋមន្ត្រីកាតា លោក Mohammed bin Abdulrahman bin Jassim Al Thani បាននិយាយកាលពីថ្ងៃពុធ (១០ កញ្ញា) ថា ត្រូវតែមាន "ការឆ្លើយតបរួម" ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើរដ្ឋធានីដូហា របស់កាតា ខណៈមេដឹកនាំអារ៉ាប់បានប្រញាប់ប្រញាល់ទៅកាន់ប្រទេសឈូងសមុទ្រ ដើម្បីបង្ហាញពីសាមគ្គីភាព ស្របពេលតំបន់មជ្ឈិមបូព៌ាកំពុងស្ថិតលើមាត់ជ្រោះ។

ថ្លែងប្រាប់សារព័ត៌មានអាមេរិក CNN កាលពីថ្ងៃពុធ លោក Sheikh Mohammed បាននិយាយថា "ការឆ្លើយតបនឹងកើតឡើងពីតំបន់ទាំងមូល ហើយបច្ចុប្បន្ន រឿងនេះកំពុងស្ថិតក្រោមការពិគ្រោះ និងពិភាក្សាជាមួយដៃគូផ្សេងទៀតក្នុងតំបន់" ដោយបន្ថែមថា "ឈូងសមុទ្រទាំងមូលកំពុងស្ថិតក្នុងហានិភ័យ" ហើយបានចោទនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ថារុញតំបន់ឱ្យធ្លាក់ក្នុង "ភាពវឹកវរ"។
យោធាអ៊ីស្រាអែល បានកំណត់គោលដៅលើមេដឹកនាំក្រុមហាម៉ាស នៅទីក្រុងដូហា កាលពីថ្ងៃអង្គារ ដែលទាក់ទាញការថ្កោលទោសជាសកល ដោយមនុស្សយ៉ាងតិច ៧នាក់បានស្លាប់ ប៉ុន្តែក្រុមហាម៉ាស អះអាងថា ថ្នាក់ដឹកនាំរបស់ខ្លួនបានរួចជីវិតពីធ្វើឃាតនេះ។ កាតានិយាយថា ក្នុងចំណោមអ្នកស្លាប់នោះ មានមន្ត្រីសន្តិសុខរបស់ខ្លួន ២នាក់។
ទោះបីជាយ៉ាងណាក៏ដោយ លោក Netanyahu ហាក់ដូចជាមិនអើពើនឹងការរិះគន់ពីមេដឹកនាំពិភពលោកនោះទេ។ កាលពីថ្ងៃពុធដដែលនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះបានគំរាមវាយប្រហារថែមទៀតលើកាតា ដើម្បីតាមកម្ចាត់មេដឹកនាំក្រុមសកម្មប្រយុទ្ធហាម៉ាស។ កាតាបានរិះគន់ការអត្ថាធិប្បាយ "មិនប្រុងប្រយ័ត្ន" របស់លោក Netanyahu ទាក់ទងនឹងការដែលកាតាធ្វើជាម្ចាស់ផ្ទះការិយាល័យហាម៉ាសនេះ ដោយបញ្ជាក់ថា កាតានៅតែរក្សាសិទ្ធិការពារខ្លួន៕

