ចលនាតវ៉ា "យុវជនសម័យថ្មី" (Gen Z) នៅប្រទេសនេប៉ាល់ ដែលបានចាប់ផ្តើមដំបូងជាការប្រឆាំងនឹងបម្រាមបណ្តាញផ្សព្វផ្សាយសង្គម និងអំពើពុករលួយកាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានឈានទៅរកភាពហិង្សានៅថ្ងៃបន្តបន្ទាប់ ជាមួយនឹងការវាយប្រហារលើគ្រប់ស្ថាប័ននយោបាយទាំងអស់។

សារព័ត៌មាន The HINDU របស់ឥណ្ឌា បានចេញផ្សាយអត្ថបទបែបវិភាគមួយនៅថ្ងៃព្រហស្បតិ៍ (១១ កញ្ញា) នេះថា មូលហេតុពីក្រោយកំហឹងដែលអង្រួននេប៉ាល់នេះ គឺជាអស្ថិរភាពនយោបាយ - សម្គាល់ដោយការផ្លាស់ប្តូរជាញឹកញាប់បែបគ្មានវិន័យនៅក្នុងរដ្ឋាភិបាល និងសម្ព័ន្ធចម្រុះ - ដែលបានបន្តវិសមភាពសង្គមដ៏ធ្ងន់ធ្ងររបស់នេប៉ាល់ ជាពិសេសទុក្ខលំបាកសេដ្ឋកិច្ចក្នុងចំណោមយុវជន ដែលត្រូវបង្ខំចិត្តធ្វើចំណាកស្រុក ឬអន្តោប្រវេសន៍ ដោយសារភាពអត់ការងារធ្វើកើនឡើងនៅក្នុងប្រទេសតំបន់ភ្នំហិម៉ាឡៃ ដែលមានប្រជាជន ៣០លាននាក់នេះ។
ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីវ័យ ៧៣ឆ្នាំ លោក KP Sharma Oli បានបរាជ័យក្នុងការបំបាត់កំហឹងរបស់ក្រុមបាតុករ ដែលបានដុតវិមានសភា និងអគាររដ្ឋាភិបាល រួមទាំងការិយាល័យបក្សនយោបាយមួយចំនួនទៀត ដោយបង្កការស្លាប់រាប់សិបនាក់។ មជ្ឈដ្ឋានទូទៅនៅនេប៉ាល់ បាននិយាយថា បម្រាមប្រព័ន្ធផ្សព្វផ្សាយសង្គមគ្រាន់តែជាផ្កាភ្លើងដ៏តូចមួយប៉ុណ្ណោះក្នុងការតវ៉ានេះ ខណៈភាពជាក់ស្ដែងគឺជាបញ្ហាសេដ្ឋកិច្ច។
ធនាគារពិភពលោកនិយាយថា តួលេខ ៨២% "ដ៏គួរឱ្យភ្ញាក់ផ្អើល" នៃកម្លាំងពលកម្មរបស់នេប៉ាល់ ស្ថិតនៅក្នុងការងារក្រៅប្រព័ន្ធ "ខ្ពស់ជាងមធ្យមភាគសកល និងក្នុងតំបន់"៕

