ទាហាននេប៉ាល់ បានចេញល្បាតតាមដងផ្លូវនានានៃរដ្ឋធានីកដ្ឋមណ្ឌូ កាលពីថ្ងៃពុធ (១០ កញ្ញា) ហើយបានបញ្ជាឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ខណៈពួកគេប្រឹងប្រែងស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីបាតុកររាប់ម៉ឺននាក់បានសម្រុកចូល និងដុតបំផ្លាញអគាររដ្ឋាភិបាល និងវាយប្រហារអ្នកនយោបាយ។

ការចរចារវាងអ្នកតំណាងយោធា និងក្រុមបាតុករ បានធ្វើឡើងនៅទីស្នាក់ការកងទ័ពនេប៉ាល់ ប៉ុន្តែមិនមានការសម្រេចចិត្តណាមួយត្រូវសម្រេចបាននោះទេ។ លោក Rehan Raj Dangal តំណាងក្រុមអ្នកតវ៉ា និយាយថា ពួកគេបានស្នើឈ្មោះលោកស្រី Sushila Karki អតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យធ្វើជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន។

លោកស្រី Karki វ័យ ៧៣ឆ្នាំ គឺជាស្ត្រីតែម្នាក់គត់ ដែលបម្រើការជាប្រធានចៅក្រមតុលាការកំពូល នៅចន្លោះឆ្នាំ២០១៦-២០១៧ ហើយជាឥស្សរជននយោបាយដ៏មានប្រជាប្រិយភាព។ មនុស្សមួយក្រុមតូចបានប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការកងទ័ព ហើយពួកគេជាច្រើននាក់បានប្រឆាំងនឹងបេក្ខភាពរបស់លោកស្រី Karki។
ប្រធានាធិបតីនេប៉ាល់ លោក Ram Chandra Poudel ដែលជាប្រមុខរដ្ឋមានតែឈ្មោះ បានអំពាវនាវដល់ក្រុមបាតុករឱ្យបន្តដំណោះស្រាយសន្តិវិធី និងបញ្ឈប់អំពើហិង្សា។ លោកក៏បានទទួលយកការលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី KP Oli ហើយប្រគល់ភារកិច្ចឱ្យលោក Oli ដឹកនាំរដ្ឋាភិបាលចាំផ្ទះរហូតដល់មានអាណត្តិអ្នកដឹកនាំថ្មី ប៉ុន្តែរហូតមកទល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងរាយការណ៍ថា មិនទាន់មានអ្នកដឹងពីទីកន្លែងលាក់ខ្លួនរបស់លោក Oli នោះទេ៕

