ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន សាជីវកម្ម ថ្នល់និងស្ពានចិន (China Road and Bridge Corporation - CRBC) ដែលជាក្រុមហ៊ុនទទួលបន្ទុកសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ។ ជំនួបនេះបានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តតាកែវ។
ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានផ្តោតសំខាន់លើចំណុចគន្លឹះចំនួន៤៖
ទី១- វឌ្ឍនភាពការងារសាងសង់ ៖ ក្រុមហ៊ុន CRBC បានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពជាក់ស្តែងនៃការងារសាងសង់ ដែលនឹងត្រូវចាប់ផ្តើមដំណើរការនាចុងឆ្នាំ២០២៥នេះ។ គម្រោងនេះត្រូវបានរំពឹងថានឹងជំរុញសកម្មភាពសេដ្ឋកិច្ច និងដឹកជញ្ជូនក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។
ទី២- កិច្ចសហការជាមួយអាជ្ញាធរ ៖ ភាគីក្រុមហ៊ុនបានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថាដំណើរការសាងសង់ប្រព្រឹត្តទៅដោយរលូន និងគ្មានឧបសគ្គ។ ឯកឧត្តម វ៉ី សំណាង ក៏បានសន្យាថា នឹងផ្តល់ការសម្របសម្រួល និងការគាំទ្រពេញលេញដល់ក្រុមហ៊ុន។
ទី៣- ការប្តេជ្ញាចិត្តលើគុណភាព ៖ ក្រុមហ៊ុន CRBC បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោប្រកបដោយគុណភាពខ្ពស់ និងរឹងមាំតាមស្តង់ដារបច្ចេកទេស ដើម្បីធានាបាននូវនិរន្តរភាព និងសុវត្ថិភាពយូរអង្វែង។
ទី៤- កាលបរិច្ឆេទចាប់ផ្តើមគម្រោង ៖ ភាគីទាំងពីរ បានបញ្ជាក់អំពីផែនការក្នុងការចាប់ផ្តើមការងារសាងសង់ជាក់ស្តែងនៃគម្រោងប្រវត្តិសាស្ត្រនេះនៅចុងឆ្នាំ២០២៥ ដូចការគ្រោងទុក។
ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ី សំណាង ក៏បានគូសបញ្ជាក់បន្ថែមថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹកដ៏ធំមួយដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូន និងពាណិជ្ជកម្មរបស់កម្ពុជា។ កិច្ចប្រជុំនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់រដ្ឋបាលខេត្តតាកែវ និងក្រុមហ៊ុន CRBC ក្នុងការជំរុញឱ្យគម្រោងនេះ សម្រេចបានជោគជ័យ និងឆាប់រហ័ស៕




