សមាជិកសភាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១១ កញ្ញា) នេះដោយសម្អាងដល់ទីភ្នាក់ងារចារកម្មរបស់ប្រទេសថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហាក់ដូចជាបាននឹងកំពុងពង្រឹងឋានៈកូនស្រីរបស់គាត់ គឺនាង គីម ជូអេ (Kim Ju Ae) ជាអ្នកស្នងតំណែងបន្ត ក្រោយនាងបានអមដំណើរឪពុកចូលក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន។

លោក Lee Seong-kweun សមាជិកសភានៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភាកូរ៉េខាងត្បូង បាននិយាយថា នាង Ju Ae បានស្នាក់នៅក្នុងស្ថានទូតកូរ៉េខាងជើង និងបញ្ចៀសការចាប់អារម្មណ៍ជាសាធារណៈ អំឡុងពេលទស្សនកិច្ចនៅទីក្រុងប៉េកាំងនោះ ប៉ុន្តែការធ្វើដំណើរទៅក្រៅប្រទេសជាមួយឪពុកបែបនេះ គឺ "គ្រប់គ្រាន់ហើយដើម្បីបង្កើតនិទានកថា" មួយថា នាងគឺជាអ្នកស្នងតំណែងបន្តនៃរបបកូរ៉េខាងជើង។
សមាជិកសភាកូរ៉េខាងត្បូងមួយរូបទៀតនិយាយថា "នេះហាក់បង្ហាញថា ឋានៈរបស់ Kim Ju Ae ត្រូវបានពង្រឹងឱ្យក្លាយជាអ្នកស្នងតំណែងបន្ទាប់ ដោយការបង្ហាញមុខម្តងម្កាលដើម្បីបង្កើតបទពិសោធន៍ក្រៅប្រទេស ប៉ុន្តែមិនបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍សាធារណៈនោះទេ"។
ជាមួយគ្នានេះ មន្ត្រីកូរ៉េខាងជើង ត្រូវគេប្រទះឃើញលុបដាន ដើម្បីកុំឱ្យលាតត្រដាងព័ត៌មានជីវសាស្រ្តរបស់លោក គីម និងកូនស្រី ក្នុងអំឡុងទស្សនកិច្ចនៅចិន។ ក្រុមអ្នកវិភាគនិយាយថា ជារឿងកម្រណាស់សម្រាប់មេដឹកនាំកូរ៉េខាងជើងក្នុងការចាកចេញពីប្រទេស ហើយរឹតតែកម្រទៅទៀតសម្រាប់ការយកកូនស្រីទៅជាមួយ ដោយនេះជាពេលវេលាដ៏ពិសេសមួយសម្រាប់លោក គីម ដើម្បីណែនាំកូនស្រី Ju Ae ដែលមានវ័យប្រហែល ១២ ទៅ ១៣ឆ្នាំនេះ ថាជាអ្នកស្នងតំណែងបន្ត៕


