គ្រោះរញ្ជួយដីទ្រង់ទ្រាយធំដែលបំផ្លិចបំផ្លាញភូមិនានានៅភាគខាងកើតអាហ្វហ្គានីស្ថាន ក្នុងខែនេះ បានកម្ទេចផ្ទះសម្បែង និងសម្លាប់បសុសត្វរាប់ពាន់ក្បាល ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ក្រុមគ្រួសារភាគច្រើន ដោយធ្វើឱ្យអ្នករួចជីវិតស្ទើរតែគ្មានអ្វីសេសសល់សម្រាប់កសាងជីវិតឡើងវិញនោះទេ ខណៈជំនួយអន្តរជាតិក៏កំពុងធ្លាក់ចុះ។
មនុស្សយ៉ាងតិច ២.២០០នាក់បានស្លាប់ ចំនួនលើសពី ៣.៦០០នាក់របួស និងជាងកន្លះលាននាក់រងផលប៉ះពាល់ នៅពេលរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារតំបន់នេះកាលពីយប់ថ្ងៃទី៣១ ខែសីហា តាមពីក្រោយដោយរញ្ជួយខ្លាំងក្លាជាបន្តបន្ទាប់។ មហន្តរាយធម្មជាតិនេះធ្វើឱ្យមនុស្សរាប់ម៉ឺននាក់គ្មានផ្ទះសម្បែងជ្រកកោន ដោយមានអ្នកខ្លះភ័យខ្លាចបំណាក់ដីបន្ថែមទៀត។
លោក Stephen Rodriques អ្នកតំណាងរបស់អង្គការ UNDP ប្រចាំអាហ្វហ្គានីស្ថាន បាននិយាយថា បសុសត្វជាង ១,៣លានក្បាល រងផលប៉ះពាល់ក្នុងខេត្ត Nangarhar និង Kunar ដែលរងគ្រោះខ្លាំងជាងគេ ហើយឃ្លាំងគ្រាប់ធញ្ញជាតិ និងប្រព័ន្ធធារាសាស្រ្តត្រូវបំផ្លិចបំផ្លាញ គំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហារ និងរដូវដាំដុះបន្ទាប់។
ក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស បានឱ្យដឹងថា បសុសត្វជាង ៧ពាន់ក្បាលបានងាប់ និងប្រព័ន្ធធារាសាស្រ្ត ៧ទីតាំង ត្រូវបំផ្លាញ រួមទាំងការខូចខាតផ្សេងទៀត។ អាជ្ញាធរតាលីបង់និយាយថា ផ្ទះសម្បែងជាង ៦.៧០០ខ្នង ត្រូវបំផ្លាញ ហើយក្រុមគ្រួសារនៅតែរស់នៅក្នុងតង់ រួមរឹតដោយភាពភ័យខ្លាចនៃមហន្តរាយជាថ្មី៕