ក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែកញ្ញា) នេះ បានឲ្យដឹងថា ខ្លួន «តវ៉ាយ៉ាងខ្លាំង» ប្រឆាំងនឹងផែនការរបស់ចិន ក្នុងការបង្កើតតំបន់អភិរក្សធម្មជាតិជាតិ នៅតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលជាតំបន់ដែនទឹកមានជម្លោះ នៅក្នុងសមុទ្រចិនខាងត្បូង។
ក្រសួងការបរទេសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រទេសហ្វីលីពីននឹងចេញការតវ៉ាការទូតផ្លូវការ ប្រឆាំងនឹងការមានសកម្មភាពមិនស្របច្បាប់ និងខុសច្បាប់នេះ ពីសំណាក់ប្រទេសចិន ព្រោះវាបានរំលោភបំពានយ៉ាងច្បាស់លាស់ទៅលើសិទ្ធិ និងផលប្រយោជន៍របស់ប្រទេសហ្វីលីពីន ស្របតាមច្បាប់អន្តរជាតិ»។

ក្រសួងការបរទេសរបស់ទីក្រុងម៉ានីល បានបន្ថែមថា ខ្លួនមានអធិបតេយ្យភាព និងយុត្តាធិការលើតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលខ្លួនហៅឈ្មោះថា Bajo de Masinloc ដោយពណ៌នាតំបន់នេះថា ជា «ផ្នែកដ៏យូរអង្វែង និងសំខាន់» របស់ប្រទេសហ្វីលីពីន។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ហ្វីលីពីននេះ បានកើតមានឡើងបន្ទាប់ពីចិនបានអនុម័តការបង្កើតតំបន់អភិរក្សធម្មជាតិរបស់ជាតិ ក្នុងតំបន់ជម្លោះ។
តំបន់ថ្មប៉ប្រះទឹកដែលត្រូវបានដាក់ឈ្មោះថា កោះ Huangyan ដោយទីក្រុងប៉េកាំង និងត្រូវបានស្គាល់ផងដែរ នៅក្នុងប្រទេសហ្វីលីពីនថា ជាតំបន់ Panatag Shoal ត្រូវបានកាន់កាប់ដោយប្រទេសចិន តាំងពីឆ្នាំ២០១២ ហើយបានក្លាយជាចំណុចក្តៅនៅក្នុងជម្លោះដ៏រ៉ាំរ៉ៃ នៅសមុទ្រចិនខាងត្បូង រវាងប្រទេសទាំង២។ ប្រទេសទាំង២ ទាមទារអធិបតេយ្យភាពលើតំបន់ថ្មប៉ប្រះទឹក ដែលជាទីតាំងយុទ្ធសាស្ត្រ និងកន្លែងនេសាទដ៏សំខាន់ នៅជិតផ្លូវដឹកជញ្ជូនសំខាន់ៗ៕
