ក្រុមមន្រ្តីកាត់បន្ថយគ្រោះមហន្តរាយ និយាយថា ទឹកជំនន់ដ៏គំហុក បានវាយប្រហារខេត្តចំនួន ២ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោច ១៤នាក់ ក្នុងនោះប្រតិបត្តិការជួយសង្រ្គោះកំពុងបន្ត ដើម្បីស្វែងរកមនុស្សបាត់ខ្លួន ២នាក់ផ្សេងទៀត ។
ភ្លៀងធ្លាក់ខ្លាំង បានចាប់ផ្តើមកាលពីថ្ងៃចន្ទ បណ្តាលឲ្យមានទឹកជំនន់ និងបំណាក់ដីនៅកោះបាលី និងខេត្ត East Nusa Tenggara ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Antara រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto បានបញ្ជាក់ក្រុមជំនួយការរបស់លោកឲ្យពន្លឿនការដោះស្រាយផលប៉ះពាល់ដោយសារទឹកជំនន់ស្លាប់មនុស្សនេះ ក៏ដូចជាកំណត់ទីតាំងមនុស្សបាត់ខ្លួន និងចែកចាយតម្រូវការមូលដ្ឋានទៅកាន់ពលរដ្ឋជម្លៀសខ្លួន ។

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី(BNPB) រាយការណ៍ថា មន្រ្តីចន្លោះពី ៤០០-៦០០នាក់ មកច្រើនស្ថាប័ន ត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរកមនុស្សបាត់ខ្លួន និងបោសសម្អាតកម្ទេចកម្ទី ។
ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យទឹកទន្លេផ្ទុះច្រាំង ហូរឆ្លងកាត់ទីក្រុងចំនួន ៩ និងស្រុកជាច្រើននៅកោះបាលី ។
លោក Abdul Muhari គឺជាអ្នកនាំពាក្យទីភ្នាក់ងារ BNPB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ភក់ ថ្ម និងដើមឈើធ្លាក់លើជើងភ្នំ ហើយទន្លេទឹកឡើង បានជន់លិចសង្កាត់យ៉ាងហោច ១២០កន្លែង បណ្តាលឲ្យមានបំណាក់ដីរាប់សិបកន្លែងនៅតាមទីតាំងជាច្រើន ។
លោក Muhari បន្តថា មកទល់នឹងថ្ងៃព្រហស្បតិ៍នេះ ចំនួនមនុស្សស្លាប់បានកើនឡើងពី ៩នាក់ ដល់ ១៤ នាក់ ហើយមនុស្សជាង ៥០០នាក់ ត្រូវបានជម្លៀសខ្លួនទៅកាន់សាលារៀន ឬព្រះវិហារ ៕
