កងទ័ពនេប៉ាល់បានគ្រប់គ្រងរដ្ឋធានី Kathmandu វិញ បន្ទាប់ពីមានអំពើហិង្សាដ៏អាក្រក់បំផុតជាលើកដំបូង ក្នុងរយៈពេល ២ទសវត្សរ៍ ជាហេតុការណ៍ដែលបានបណ្ដាលឲ្យមនុស្សចំនួន ៣០នាក់យ៉ាងតិចស្លាប់ បង្ខំឲ្យនាយករដ្ឋមន្ត្រីមួយរូបចេញពីតំណែង និងអគារសំខាន់ៗ ក្នុងនោះមានរួមទាំងរដ្ឋសភារបស់ប្រទេសផងដែរ ត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

ទាហានបានល្បាតតាមដងផ្លូវនៃរដ្ឋធានីនេះ ដោយស្វែងរកការបញ្ចប់ការតវ៉ាដ៏អាក្រក់បំផុត នៅសប្តាហ៍នេះ ស្របពេលដែលនគរបាលបានប្រាប់ឲ្យដឹងថា អ្នកទោសជាង ១៣.៥០០នាក់ បានរត់គេចពីពន្ធនាគារទូទាំងប្រទេស។
កាលពីថ្ងៃពុធ (ទី១០ ខែកញ្ញា) តាមពេលវេលាម៉ោងក្នុងស្រុក ក្រសួងសុខាភិបាលនេប៉ាល់ បានឲ្យដឹងថា បន្ថែមពីលើអ្នកបាត់បង់ជីវិត ៣០នាក់ នៅក្នុងភាពចលាចលទូទាំងប្រទេសនេះ មនុស្សចំនួន ១.០៣៣នាក់ បានរងរបួស។
រថពាសដែក បានបើកឆ្លងកាត់រថយន្តខូចខាត និងអគារបាក់បែក ក្រោយត្រូវបានដុត នៅតាមដងផ្លូវដ៏ស្ងប់ស្ងាត់ ដោយក្រុមមន្ត្រីបានចេញបញ្ជាតាមរយៈឧបករណ៍បំពងសំឡេង ដោយអំពាវនាវឲ្យរក្សាភាពស្ងប់ស្ងាត់ ក្នុងអំឡុងពេលមានភាពទំនេរផ្នែកនយោបាយនេះ។
ស្ថានភាពដ៏ស្ងប់ស្ងាត់ក៏បានបើកផ្លូវឲ្យមានការចាប់ផ្ដើមនូវការចរចា រវាងមេដឹកនាំក្រុមបាតុករ និងកងទ័ព ប៉ុន្តែមិនមានការសម្រេចជាប់ចំណងផ្លូវច្បាប់ណាមួយ ត្រូវបានឈានដល់នោះឡើយ គិតត្រឹមថ្ងៃពុធនោះ៕


