ក្នុងពេលមានទិដ្ឋភាពនៃការបំផ្លិចបំផ្លាញ និងភាពអត់ឃ្លាន នៅតំបន់ហ្កាហ្សា និងការទម្លាក់គ្រាប់បែក ក្នុងសប្តាហ៍នេះ ក្នុងប្រទេសកាតា បណ្ដាមេដឹកនាំអឺរ៉ុបដែលពោរពេញដោយខកចិត្ត កំពុងគំរាមដាក់ទណ្ឌកម្មលើអ៊ីស្រាអែល និងពិចារណាឡើងវិញ អំពីទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តយូរអង្វែងរបស់ពួកគេ។
ប៉ុន្តែពាក់ព័ន្ធនឹងកំហឹងទាំងអស់របស់ពួកគេ ក្នុងនោះរួមមានទាំងការជំរុញឲ្យមានរដ្ឋប៉ាឡេស្ទីន និងការទប់ស្កាត់មានកម្រិតលើការលក់អាវុធផងដែរនោះ វិស័យមួយដែលពួកគេមិនបានប៉ះពាល់បាន គឺឧស្សាហកម្មការពារជាតិតម្លៃរាប់ពាន់លានដុល្លាររបស់អ៊ីស្រាអែល។

កងទ័ពអឺរ៉ុប គឺជាអតិថិជនដ៏ធំបំផុត សម្រាប់ការទិញអាវុធ និងប្រព័ន្ធការពារដែលផលិតដោយអ៊ីស្រាអែល ដោយបានចំណាយទិញតម្លៃ ៨ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ ឬជាងពាក់កណ្តាលនៃការនាំចេញ ហើយតម្រូវការទំនងជាកើនឡើង។
ដោយត្រូវបានជំរុញដោយប្រធានាធិបតីអាមេរិក លោក Donald Trump បណ្ដាប្រទេសសមាជិកអង្គការណាតូ នៅអឺរ៉ុប បានប្តេជ្ញាបង្កើនការចំណាយទាក់ទងនឹងវិស័យការពារជាតិដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំ នៅឆ្នាំ២០៣៥ ធៀបនឹងតម្រូវការ ២ភាគរយដែលមានតាំងពីឆ្នាំ២០១៤ ជាកត្តាជំរុញមួយដែលបានធ្វើឡើងជាបន្ទាន់ ចាប់តាំងពីមានការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន នៅឆ្នាំ២០២២។
ដូច្នេះ កិច្ចប្រឹងប្រែងនោះប្រហែលជាពិបាកនឹងសម្រេចបានដោយគ្មានអ៊ីស្រាអែលណាស់ ដែលក្រុមហ៊ុនការពារជាតិដ៏ធំបំផុតទាំង៣ របស់ប្រទេសនេះ ត្រូវបានដាក់បញ្ចូលយ៉ាងជ្រៅទៅក្នុងសេដ្ឋកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់យោធារបស់ពួកគេ។
ការពឹងផ្អែកនោះធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចប្រឹងប្រែងរបស់អឺរ៉ុប ក្នុងការបញ្ចុះបញ្ចូលអ៊ីស្រាអែលឲ្យបញ្ចប់ ឬយ៉ាងហោចណាស់ផ្អាកយុទ្ធនាការរបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមឡើង បន្ទាប់ពីមានការលុកលុយបង្ហូរឈាមពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលផ្ដើមចេញពីដែនដីប៉ាឡេស្ទីន ក្នុងខែតុលា ឆ្នាំ២០២៣៕


