ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិនិយាយថា ការត្រួតពិនិត្យរបស់ខ្លួនដែលគ្រោងនឹងចាប់ផ្តើមឡើងវិញនៅក្នុងប្រទេសអ៊ីរ៉ង់នឹងគ្របដណ្តប់នៅរោងចក្រនិងទីតាំងដំឡើងនុយក្លេអ៊ែរគ្រប់កន្លែងទាំងអស់ រួមទាំងរោងចក្រដែលត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ផងដែរ។
នាយកទីភ្នាក់ងារ IAEA លោក Rafael Grossi បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានៃអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ដោយប្រធានបទសំខាន់ៗក្នុងរបៀបវារៈរួមមានកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

ទីភ្នាក់ងារ IAEA និងប្រទេសអ៊ីរ៉ង់ បានព្រមព្រៀងគ្នាកាលពីពេលមុនលើ«ស្ថានភាពជាក់ស្តែង» សម្រាប់ការបន្តត្រួតពិនិត្យរោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់ថា កិច្ចពិភាក្សាបន្ថែមទៀតគឺចាំបាច់ ដើម្បីបន្តការត្រួតពិនិត្យបែបនេះឡើងវិញ។
លោកបាននិយាយទៅកាន់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់កាលពីថ្ងៃពុធថា លក្ខណៈសំខាន់បំផុតនៃកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារ IAEA គឺថាកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរមិនដូចពីមុនទៀតទេ ហើយបច្ចុប្បន្ននេះត្រូវតែធ្វើឡើងក្នុងទម្រង់ និងក្របខ័ណ្ឌថ្មី។
អ៊ីរ៉ង់ បានផ្អាកកិច្ចសហប្រតិបត្តិការស្ទើរតែទាំងអស់ជាមួយទីភ្នាក់ងារ IAEA បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើរោងចក្រនុយក្លេអ៊ែររបស់ខ្លួនកាលពីខែមិថុនា។
