ក្រុមស្ម័គ្រចិត្តមកពីអង្គការមិនរកប្រាក់ចំណេញជាច្រើនកន្លែង បានចែកចាយគ្រឿងផ្គត់ផ្គង់ចាំបាច់ រួមទាំងពួក គ្រែបត់ និងភួយ ដល់ជនរងគ្រោះដោយសារទឹកជំនន់នៅទីក្រុង Fazilka ស្ថិតក្នុងរដ្ឋភាគខាងជើង Punjab ប្រទេសឥណ្ឌា ។

ចាប់តាំងពីដើមខែសីហារហូតមក មនុស្ស ៣៧នាក់ បានស្លាប់ ហើយភ្លៀងធ្លាក់ខ្លាំង បានបំផ្លិចបំផ្លាញដំណាំលើផ្ទៃដីរាប់ម៉ឺនហិច នៅក្នុងរដ្ឋរបស់ប្រទេសឥណ្ឌាមួយនេះ ។
អ្នកស្ម័គ្រចិត្តម្នាក់ដែលផ្តល់ជំនួយនៅទីក្រុងរងផលប៉ះពាល់ដោយសារទឹកជំនន់ និយាយថា រដ្ឋាភិបាលគួរបង្កើនការជួយសង្រ្គោះនៅតាមតំបន់រងផលប៉ះពាល់ខ្លាំងបំផុត ហើយគួរតែរៀបចំផែនការជួយសង្រ្គោះផងដែរ ។
ខណៈពេលនោះដែរ នៅរដ្ឋភាគខាងជើង Uttar Pradesh ផ្ទះសម្បែងប្រជាពលរដ្ឋ និងផ្លូវថ្នល់ រងការជន់លិច ក្រោយភ្លៀងធ្លាក់ខ្លាំងវាយប្រហារទីក្រុង Kanpur ។
សូមបញ្ជាក់ថា ភ្លៀវវស្សាគឺជាអាយុជីវិតសម្រាប់សេដ្ឋកិច្ចតម្លៃជិត ៤សែនកោដិដុល្លាររបស់ប្រទេសឥណ្ឌា ដែលវាផ្តល់ទឹកភ្លៀងជិត ៧០ភាគរយ ត្រូវការសម្រាប់វិស័យកសិកម្ម និងបំពេញបឹងបួ និងអាងស្តុកទឹក ។ ទោះបីជាយ៉ាងណាក៏ដោយ ភ្លៀងធ្លាក់ខ្លាំងហួសប្រមាណ បណ្តាលឲ្យមានទឹកជំនន់ញឹកញាប់ សម្លាប់មនុស្ស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋផងដែរ ៕
