គណៈកម្មាធិការសភាបារាំង នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែកញ្ញា) នេះ បានជំរុញថា កុមារមានអាយុក្រោម ១៥ឆ្នាំ នៅក្នុងប្រទេសបារាំង គួរតែត្រូវបានហាមឃាត់ទាំងស្រុងមិនឲ្យប្រើប្រាស់បណ្ដាញសង្គម ហើយអ្នកដែលមានអាយុចន្លោះពី ១៥ ទៅ ១៨ឆ្នាំ គួរតែប្រឈមនឹង «បម្រាមគោចរឌីជីថល» នៅពេលយប់។
អនុសាសន៍នេះត្រូវបានដាក់ក្នុងរបាយការណ៍ដោយសមាជិកសភារបស់គណៈកម្មាធិការ បន្ទាប់ពីមានការផ្តល់សក្ខីកម្មជាច្រើនខែ ពីក្រុមគ្រួសារ ថ្នាក់ដឹកនាំបណ្ដាញសង្គម និងអ្នកមានឥទ្ធិពល។
ការិយាល័យរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហាញរួចហើយថា ខ្លួនចង់ឃើញមានការហាមប្រាម ចំពោះកុមារ និងមនុស្សវ័យជំទង់ បន្ទាប់ពីអូស្ត្រាលីបានចាប់ផ្តើមព្រាងច្បាប់ដ៏មានសារៈសំខាន់ផ្ទាល់ខ្លួន ដោយចេញការហាមឃាត់ ចំពោះអ្នកដែលមានអាយុក្រោម ១៦ឆ្នាំ នៅឆ្នាំ២០២៤។

គណៈកម្មាធិការនេះត្រូវបានបង្កើតឡើងក្នុងខែមីនា ដែលដើមឡើយ គឺដើម្បីពិនិត្យមើលបណ្ដាញសង្គម TikTok និងផលប៉ះពាល់របស់វាដល់ផ្លូវចិត្តអនីតិជន បន្ទាប់ពីមានបណ្តឹងឆ្នាំ២០២៤ ដែលប្ដឹងបណ្ដាញសង្គមនេះ ដោយគ្រួសារចំនួន ៧គ្រួសារ ដោយចោទប្រកាន់ថា កម្មវិធីរបស់វាបង្ហាញនូវខ្លឹមសារដែលជំរុញឲ្យពួកគេធ្វើអត្តឃាត។
អ្នកនិពន្ធរបាយការណ៍មេ គឺលោកស្រី Laure Miller បាននិយាយថា ការរចនាដ៏គួរឲ្យទាក់ទាញរបស់បណ្ដាញ TikTok និងវិធីសាស្ត្របង្ហាញរបស់វា «ត្រូវបានចម្លងដោយបណ្ដាញសង្គមផ្សេងទៀត»។ យ៉ាងណាក្ដី TikTok បានសង្កត់ធ្ងន់ថា សុវត្ថិភាពរបស់អ្នកប្រើប្រាស់វ័យក្មេងនៃកម្មវិធីរបស់ខ្លួន គឺជា «អាទិភាពធំបំផុតជាងគេ» របស់ខ្លួន៕

