ទីក្រុងសេអ៊ូលនិយាយថា កម្មករកូរ៉េខាងត្បូងរាប់រយនាក់ ដែលត្រូវបានចាប់ខ្លួន នៅក្នុងការវាយឆ្មក់អន្តោប្រវេសន៍ទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិក ត្រូវបានដោះលែង ដើម្បីចាប់ផ្តើមធ្វើដំណើរទៅកាន់មាតុប្រទេសវិញ ក្រោយការព្រមានថា រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលនេះ អាចនឹងជះផលអវិជ្ជមានដល់ការវិនិយោគអនាគត ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae-myung និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនកូរ៉េទំនងជាស្ទាក់ស្ទើក្នុងការវិនិយោគទុនបន្ថែមទៀតនៅសហរដ្ឋអាមេរិក លុះត្រាតែទីក្រុងវ៉ាស៊ីនតោន កែលម្អប្រព័ន្ធទិដ្ឋាការរបស់ខ្លួនសម្រាប់បុគ្គលិករបស់ពួកគេ ។

ការលើកឡើងបែបនេះ ក្រោយការវាយឆ្មក់ថ្ងៃទី ៤ ខែកញ្ញា បណ្តាលឲ្យចាប់ខ្លួនកម្មករចំណាកស្រុកកូរ៉េខាងត្បូងរាប់រយនាក់ នៅរោងចក្រអាគុយស្ថិតក្រោមការសាងសង់របស់ក្រមហ៊ុនរថយន្ត Hyundai នៅភាគខាងលិចទីក្រុង Savannah ។
អំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះដែលជាកិច្ចប្រារព្ធរយៈពេល ១០០ថ្ងៃនៃការឡើងកាន់អំណាចរបស់លោក លោក Lee និយាយថា ពេលដែលអ្នកសាងសង់រោងចក្រ ឬដំឡើងឧបករណ៍នៅក្នុងរោងចក្រ អ្នកត្រូវការអ្នកបច្ចេកទេស ប៉ុន្តែសហរដ្ឋអាមេរិក ពុំមានកម្លាំងការងារបែបហ្នឹងនោះទេ ហើយពួកគេក៏ពុំទាន់បានផ្តល់ទិដ្ឋាការអនុញ្ញាតឲ្យមនុស្សរបស់ពួកយើងស្នាក់នៅ និងធ្វើការនៅទីនោះដែរ ។
ក្រសួងការបរទេសកូរ៉េខាងត្បូងនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អាជ្ញាធរសហរដ្ឋអាមេរិក បានដោះលែងអ្នកជាប់ឃុំ ៣៣០នាក់ ក្នុងនោះ ៣១៦នាក់នៃពួកគេគឺជាជនជាតិកូរ៉េខាងត្បូង ហើយពួកគេត្រូវបានបញ្ជូនតាមរថយន្តក្រុងទៅកាន់អាកាសយានដ្ឋាន Hartsfield-Jackson ស្ថិតក្នុងទីក្រុង Atlanta ជាទីដែលពួកគេឡើងជិះជើងហោះហើរជួល កំណត់ធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រស្អែកនេះ ៕
