គ្រួសារប៉ាឡេស្ទីនដែលអ្នកខ្លះកាន់ទ្រព្យសម្បត្តិនៅលើរថយន្ត បន្តរត់ភៀសខ្លួនចេញពីទីក្រុងហ្កាហ្សា នាថ្ងៃព្រហស្បតិ៍នេះ ។
ជនប៉ាឡេស្ទីនរស់នៅក្នុងគំនរបាក់បែកនៅទីក្រុងហ្កាហ្សា រងការទម្លាក់គ្រាប់បែកឥតឈប់ឈរ ក្នុងនោះខិត្តប័ណ្ណអ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានបញ្ជាឲ្យពួកគេចាកចេញជាបន្ទាន់ ក្រោយអ៊ីស្រាអែលនិយាយថា ពួកគេត្រៀមខ្លួនបំផ្លាញតំបន់មួយនេះ ដើម្បីបោសសម្អាតក្រុមហាម៉ាស ជាហេតុធ្វើឲ្យមានការភន្តភាំង និងតក់ស្លុតយ៉ាងខ្លាំង ។

យោធាអ៊ីស្រាអែល បានណែនាំឲ្យពលរដ្ឋនៅទីក្រុងហ្កាហ្សា បំលាស់ទីទៅកាន់តំបន់មនុស្សធម៌ ស្ថិតក្នុងនៅទីក្រុង Al-Mawasi ដែលមានមនុស្សរស់នៅលើសចំណុះរួចទៅហើយ ស្ថិតនៅតាមតំបន់ឆ្នេរ ។
សូមបញ្ជាក់ថា សង្គ្រាមនៅហ្គាហ្សាបានចាប់ផ្តើម ក្រោយថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ពេលដែលការវាយប្រហាររបស់ក្រុមហាម៉ាស់បានសម្លាប់មនុស្ស ១.២០០នាក់ ភាគច្រើននៃពួកគេគឺជាជនស៊ីវិល ហើយ មនុស្ស ២៥១នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ ។
ដោយឡែក ការឆ្លើយតបដោយយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានសម្លាប់មនុស្សជាង ៦៤.០០០នាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល ៕
