អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយនៅថ្ងៃព្រហស្បតិ៍នេះថា សមយុទ្ធយោធាដ៏សំខាន់រុស្ស៊ី-បេឡារុសដែលគ្រោងនឹងធ្វើឡើងនៅជិតព្រំដែនប៉ូឡូញ ចាប់ពីថ្ងៃសុក្រស្អែកនេះ គ្មានបំណងមានគោលដៅលើប្រទេសដទៃណាមួយនោះទេ ។
លោក Peskov និយាយថា សមយុទ្ធតាមគ្រោងទុកទាំងអស់នេះ គ្មានបំណងប្រឆាំងលើនរណាម្នាក់នោះទេ ។ ពួកយើងជជែកអំពីការបន្តប្រតិបត្តិការយោធា និងធ្វើអន្តរកម្មរវាងសម្ព័ន្ធមិត្តយុទ្ធសាស្រ្តទាំង ២ប៉ុណ្ណោះ ។
លោក Peskov បានធ្វើការច្រានចោលសេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាសូវី និងប្រទេសអឺរ៉ុបផ្សេងទៀតចំពោះការបាញ់ទម្លាក់យានដ្រូនរុស្ស៊ីលើប្រទេសប៉ូឡូញដែលជារដ្ឋសមាជិកអង្គការណាតូ ថាគ្មានអ្វីថ្មីនោះទេ ហើយលោកនិយាយថា ទីក្រុងម៉ូស្គូ នឹងមិនធ្វើសេចក្តីអត្ថាធិប្បាយបន្ថែមទៀតនោះទេ ជុំវិញស្ថានភាពនេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា ប៉ូឡូញ អ៊ុយក្រែន និងលីទុយអានី បានថ្កោលទោសការឈ្លានពានយានដ្រូនរុស្ស៊ីលើដែនអាកាសប៉ូឡូញ ដោយពួកគេចាត់ទុកសកម្មភាពនេះថាជាការបង្កហេតុដោយចេតនា និងមិនធ្លាប់មានពីមុនមក ៕