កងទ័ពនេប៉ាល់បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែកញ្ញា) នេះថា ខ្លួនចាប់បានអ្នកទោសជិត ២០០នាក់មកវិញ បន្ទាប់ពីមានការហែកពន្ធនាគារទ្រង់ទ្រាយធំ ក្នុងអំឡុងពេលការតវ៉ាដ៏អាក្រក់បំផុត ដែលបានផ្តួលរំលំរដ្ឋាភិបាល ដោយនេះគ្រាន់តែជាចំនួនតិចតួចនៃអ្នករត់គេចរាប់ពាន់នាក់ប៉ុណ្ណោះ។
នគរបាលបានប្រាប់ថា អ្នកជាប់ឃុំប្រហែល ១៣.៥០០នាក់ បានរត់គេចខ្លួនពីពន្ធនាគារទូទាំងប្រទេស ក្នុងអំឡុងពេលមានភាពចលាចល ដែលធ្វើឲ្យកងកម្លាំងសន្តិសុខកំពុងប្រញាប់ប្រញាល់គ្រប់គ្រងឡើងវិញ។
ការហែកពន្ធនាគារនេះ បានបន្ថែមបញ្ហាប្រឈមដែលកងទ័ព និងនគរបាលកំពុងជួបប្រទះ នៅពេលដែលពួកគេព្យាយាមស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីមានការតវ៉ាដ៏ហិង្សាបំផុតជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍។
កងទ័ពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កងទ័ពនេប៉ាល់ចាប់បានអ្នកទោស ១៩២នាក់មកវិញ» ដោយបញ្ជាក់ថា ពួកគេបានរត់ចេញពីពន្ធានាគារនៅទីក្រុង Rajbiraj ភាគអាគ្នេយ៍។
គួរបញ្ជាក់ថា រដ្ឋសភា ការិយាល័យរដ្ឋាភិបាល និងប្រធានាធិបតី ព្រមទាំងអគារពាណិជ្ជកម្ម និងសណ្ឋាគារ Hilton ត្រូវបានដុតបំផ្លាញ បន្ទាប់ពីបាតុករយ៉ាងតិច ១៩នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលមានការបង្ក្រាបលើបាតុករ៕