នៅក្នុងជំរំជនភៀសខ្លួនផ្ទុកមនុស្សលើសចំណុះ Dzaleka របស់ប្រទេសម៉ាឡាវី ដែលដំបូងឡើយត្រូវបានរៀបចំឡើងសម្រាប់មនុស្ស ១ម៉ឺននាក់ប៉ុណ្ណោះ តែបច្ចុប្បបន្នមានមនុស្សជ្រកកោនរហូតដល់ ៥៧.០០០នាក់នោះ អ្នកស្រី Maria Aisha Beata ដែលជាជនភៀសខ្លួនរ៉្វាន់ដា បានអង្គុយជាមួយកូនៗរបស់គាត់ ក្រោយធ្វើការអស់ពេញមួយថ្ងៃ ដោយកូនស្រីរបស់គាត់យំទារឃ្លានអាហារដែលពួកគេកំពុងប្រឈម ។
ស្របពេលដែលឧត្តមស្នងការជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) ប្រតិបត្តិការត្រឹមតែ ១៨ភាគរយនៃមូលនិធិ ២៦,៣លានដុល្លារដែលពួកគេត្រូវការសម្លាប់ឆ្នាំ ២០២៥នោះ សេវាកម្មចាំបាច់នៅក្នុងជំរំត្រូវបានកាត់បន្ថយយ៉ាងច្រើន ធ្វើឲ្យរបបអាហារធ្លាក់មកនៅត្រឹមពាក់កណ្តាល លែងមានការផ្គត់ផ្គង់វេជ្ជសាស្រ្ត ហើយនិងការផ្អាកកម្មវិធីអប់រំ និងគាំពារ ។
ក្រោយមើលឃើញការផ្តល់មូលនិធិត្រឹមតែ ២៩ភាគរយនៃថវិកាត្រូវការក្នុងឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ អ្នកស្រី Mirriam Kademba ដែលជាសហការីទំនាក់ខាងក្រៅរបស់ UNHCR បានឆ្លុះបញ្ចាំងពីភាពធ្ងន់ធ្ងរនៃគំលាតការផ្តល់មូលនិធិ ដោយអ្នកស្រីកត់សំគាល់ឃើញថា មានថវិកាត្រឹមតែ ៤លានដុល្លារប៉ុណ្ណោះ ក្នុងចំណោមថវិកា ២៦លានដុល្លារដែលពួកគេទទួលបាន ដោយសារការរួមចំណែកវិភាគទានរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកធ្លាក់ចុះ ។
ជនភៀសខ្លួនរាប់ម៉ឺននាក់ នៅក្នុងជំរំបច្ចុប្បន្នស្ថិតក្នុងហានិភ័យខ្ពស់នៃអំពើហិង្សា ការកេងប្រវ័ញ្ចកម្លាំងញើសឈាម និងតម្រូវការមូលដ្ឋានដែលមិនបានឈានដល់ ស្របពេលដែល UNHCR ងាកមកផ្តោតសំខាន់លើការជួយសង្រ្គោះអាយុជីវិតមនុស្ស និងការសង្រ្គោះបន្ទាន់ ។
ជនភៀសខ្លួនដូចដែលអ្នកស្រី Beata បង្ហាញភាពអស់សង្ឃឹមយ៉ាងខ្លាំងចំពោះការកាត់បន្ថយជំនួយ ក្នុងនោះកូនស្រី Maakeja Muveri របស់គាត់ បញ្ជាក់ថា ពេលដែលជំនួយ និងការផ្តល់មូលនិធិ នឹងត្រូវកាត់ផ្តាច់ ពួកយើងជាជនភៀសខ្លួន នឹងធ្លាក់ក្នុងបញ្ហាបន្ថែមទៀត ។ វាប្រៀបបាននឹងគ្រវាត់ពួកយើងចោលទៅក្នុងរណ្តៅរង់ចាំតៃថ្ងៃស្លាប់មកដល់ប៉ុណ្ណោះ ។
UNHCR ព្រមានថា ការកាត់បន្ថយបុគ្គលិក និងការបិទការិយាល័យក្នុងតំបន់នឹងធ្វើឲ្យកាន់តែស្មុគស្មាញបន្ថែមទៀតដល់ការសម្របសម្រួល និងកិច្ចខិតខំគាំទ្រ ៕