យោងតាមការអះអាងរបស់ក្រុមអ្នកវិទ្យាសាស្រ្ត បានឲ្យដឹងថា សំណាកថ្មកកើតឡើងកាលពីរយៈពេលរាប់ពាន់លានឆ្នាំមុន ទទួលបានដោយយានរុករក Perseverance របស់អង្គការណាសា ពីដីល្បាប់នៅបាតបឹងមាត់ភ្នំភ្លើង មានសញ្ញានៃជីវិតអតិសុខុមប្រាណបុរាណ នៅលើភពព្រះអង្គារ បើទោះបីជាសារធាតុរ៉ែប្រទះឃើញនៅក្នុងសំណាកអាចបង្កើតឡើងតាមរយៈដំណើរការមិនមែនជីវសាស្រ្តក៏ដោយ ។
នៅក្នុងសន្និសីទសារព័ត៌មានតាមវីដេអូកាលពីថ្ងៃពុធ អ្នកគ្រប់គ្រងស្តីទីអង្គការណាសាលោក Sean Duffyនិយាយថា ក្រុមអ្នកវិទ្យាសាស្រ្តទីភ្នាក់ងាររបស់លោក បានចំណាយពេលកាលពីឆ្នាំកន្លងទៅ ធ្វើតេស្តយ៉ាងហ្មត់ចត់ទិន្នន័យពីថ្មដែលយានរុករក Perseverance រកឃើញកាលពីឆ្នាំ ២០២៤ នៅបាតបឹង Bright Angel ស្ថិតក្នុងមាត់ភ្នំភ្លើង Jezero ។
លោកបន្តថា ក្រោយពិនិត្យមើលអស់រយៈពេល ១ឆ្នាំ លោកចាត់ទុកការរកឃើញនេះ ថាជាសញ្ញាច្បាស់ក្រឡែតបំផុតនៃជីវិតដែលពួកយើងពុំធ្លាប់ដែលរកឃើញនៅលើភពព្រះអង្គារ បើទោះបីជារូបលោកកត់សំគាល់ឃើញថា លទ្ធផលនៅតែបណ្តោះអាសន្នក៏ដោយ ។
ខណៈពេលនោះដែរ អ្នកស្រី Nicky Fox គឺជាអនុប្រធានក្រុមនាយកបេសកកម្មវិទ្យាសាស្រ្តអង្គការណាសា បានចាត់ទុករបកគំហើញនេះថា ជាជំហានមួយខិតកាន់តែជិតចំពោះការឆ្លើយតបថាតើមនុស្សនៅតែឯងឬយ៉ាងណា ។
អ្នកស្រីបន្តថា អាការមិនប្រក្រតីនេះ ធ្វើឲ្យមានចំណាប់អារម្មណ៍ភ្លាម ពេលដែលវាបង្ហាញរូបភាពដំបូងកាលពីខែកក្កដា ជំរុញឲ្យមានកិច្ចខិតខំបន្ទាន់ ដើម្បីធ្វើតេស្តដំណើរការមិនមែនជីវសាស្រ្ត ។
អ្នកស្រី Fox និយាយទៀតថា ពួកយើងនៅទីនេះ ដើម្បីអបអរសាទរការងារលំបាកដ៏អស្ចារ្យរបស់ក្រុមអ្នកវិទ្យាសាស្រ្ត ពេលដែលពួកគេព្យាយាមបញ្ជាក់ថា វាមិនមែនជាការចាប់អារម្មណ៍នោះទេ តែវាជា ចំណុច ត្រូវបានបង្កើតឡើងដោយជីវិតមនុស្សបុរាណផុតពូជ ៕