ក្រុមអ្នកស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ១១ កញ្ញា ថាពួកគេបានរកឃើញកាំភ្លើងវែង ដែលពួកគេជឿថាត្រូវបានប្រើសម្លាប់សកម្មជនអភិរក្សនិយមដ៏មានឥទ្ធិពល លោក Charlie Kirk ហើយបានបញ្ចេញរូបភាពនៃបុគ្គលដែលចាប់អារម្មណ៍នៅពេលពួកគេស្វែងរកខ្មាន់កាំភ្លើង ដែលពួកគេពិពណ៌នាថាជាយុវជនវ័យកំពុងសិក្សានៅមហាវិទ្យាល័យ។ ហើយអាជ្ញាធរនៅតែបន្តតាមចាប់ខ្លួនជនល្មើសនៅឡើយ។

លោក Kirk ដែលមានវ័យ៣១ឆ្នាំ ជាអ្នកនិពន្ធ ជាអ្នកដឹកនាំកម្មវិធីកិច្ចពិភាក្សា និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានជួយកសាងការគាំទ្ររបស់គណបក្សសាធារណរដ្ឋក្នុងចំណោមអ្នកបោះឆ្នោតវ័យក្មេង។
លោកត្រូវបានគេសម្លាប់កាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយបាញ់តែមួយគ្រាប់ ខណៈរូបលោកកំពុង ថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យក្នុងរដ្ឋ Utah ជាអ្វីដែលលោក Trump ហៅថាជាការធ្វើឃាតដ៏សាហាវ។ ទីភ្នាក់ងារ FBI និងមន្ត្រីរដ្ឋបាននិយាយថាឃាតករបានមកដល់បរិវេណសាកលវិទ្យាល័យពីរបីនាទីមុនពេលព្រឹត្តិការណ៍ចាប់ផ្តើម ការជជែកដេញដោលដែលដឹកនាំដោយលោក Kirk ក្រោមប្រធានបទ "Prove Me Wrong" នៅខាងក្រៅ នៅចំពោះមុខមនុស្សប្រហែល៣.០០០នាក់នៅសាកលវិទ្យាល័យ Utah Valley ក្នុងទីក្រុង Orem រដ្ឋ Utah ចម្ងាយប្រហែល ៦៥ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង Salt Lake City។ មន្ត្រីបានប្រាប់សន្និសីទសារព័ត៌មានមួយថា វីដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញមនុស្សម្នាក់ឡើងជណ្តើរទៅលើដំបូល មុនពេលបាញ់ប្រហារលើលោក Kirk ។ លោក Kirk ដែលជាអ្នកការពារសិទ្ធិកាន់អាវុធដ៏រឹងមាំ កំពុងឆ្លើយសំណួរទស្សនិកជនអំពីការបាញ់ប្រហារធំៗនៅពេលគ្រាប់កាំភ្លើងបានបាញ់ចំ ករ បស់លោក។ ទស្សនិកជនបានរត់គេចខ្លួនទាំងភ័យស្លន់ស្លោ។
លោក Robert Bohls ភ្នាក់ងារពិសេសរបស់ FBI បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ខ្មាន់កាំភ្លើងបានលោតពីលើដំបូល ហើយរត់ចូលទៅក្នុងសង្កាត់ដែលនៅជាប់គ្នានោះ៕


