ក្រសួងរតនាគារអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១១ កញ្ញា) ថា រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent គ្រោងនឹងជួបជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng និងមន្ត្រីជាន់ខ្ពស់ច្រើនរូបផ្សេងទៀតនៅសប្តាហ៍ក្រោយនេះ ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដើម្បីបន្តកិច្ចពិភាក្សារបស់ភាគីទាំងពីរលើបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច និងសន្តិសុខជាតិ។

ក្រសួងរតនាគារបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មានរ៉យទ័រថា កិច្ចប្រជុំនេះក៏នឹងគ្របដណ្តប់ស្ថានភាពនៃប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដែលជាកម្មសិទ្ធិរបស់ចិន និងការខិតខំរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសម្អាតប្រាក់កខ្វក់ ដែលជាផ្នែកមួយនៃដំណើរទសុ្សនកិច្ចចាប់ពីថ្ងៃទី១២-១៨ ខែកញ្ញា ដែលលោក Bessent កំពុងធ្វើ ទៅកាន់ប្រទេសអេស្ប៉ាញ និងចក្រភពអង់គ្លេស។
ការពិភាក្សារវាងលោក Bessent និងលោក He នៅអេស្ប៉ាញនោះ នឹងក្លាយជាកិច្ចប្រជុំផ្ទាល់ដ៏សំខាន់លើកទី៤ រវាងមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់ទាំងពីរក្នុងឆ្នាំនេះ ខណៈអាមេរិក និងចិន ស្វះស្វែងរក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្ដោះអាសន្នរបស់ខ្លួន ដែលកាត់បន្ថយពន្ធសងសឹកលើភាគីទាំងសងខាង និងស្ដារលំហូរនៃរ៉ែកម្ររបស់ចិន ទៅកាន់សហរដ្ឋអាមេរិក។
បន្ទាប់ពីកិច្ចប្រជុំលើកទី១ នៅទីក្រុងហ្សឺណែវ និងលើកទី២ នៅទីក្រុងឡុងដ្រ៍ ភាគីទាំងពីរបានព្រមព្រៀងគ្នាយ៉ាងទូលំទូលាយនៅចុងខែកក្កដា ក្នុងជំនួបលើកទី៣ នៅរដ្ឋធានីស៊ុយអែត ដើម្បីបន្តការផ្អាកយកពន្ធខ្ពស់ៗរវាងគ្នា សម្រាប់ពេល ៩០ថ្ងៃទៀត ពីថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី១០ ខែវិច្ឆិកា។ ជាមួយគ្នានេះ ជំនួបនៅអេស្ប៉ាញនោះក៏សំខាន់ជាពិសេស ដោយសារពេលកំណត់សម្រាប់ឱ្យក្រុមហ៊ុន TikTok លក់ទ្រព្យសម្បត្តិនៅអាមេរិក ខិតជិតមកដល់ហើយគឺនៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខ៕

