ក្រុមហ៊ុនស្រាវជ្រាវទីផ្សារសកល Rho Motion បាននិយាយនៅថ្ងៃសុក្រ (១២ កញ្ញា) ថា ការលក់ជាសកលនៃរថយន្តអគ្គិសនីសុទ្ធ និងប្រភេទកូនកាត់ហាយប្រ៊ីដ (សាំងលាយអគ្គិសនី) បានកើនឡើង ១៥% នៅក្នុងខែសីហា ធៀបនឹងឆ្នាំមុន ដែលជាអត្រាកំណើនយឺតយ៉ាវបំផុតចាប់តាំងពីខែមករាមក និងឆ្លុះបញ្ចាំងពីការប្រកួតប្រជែងដ៏តឹងតែងជាងមុន។

លោក Charles Lester អ្នកគ្រប់គ្រងទិន្នន័យរបស់ស្ថាប័ន Rho Motion បានឱ្យដឹងថា កំណើននៃការលក់រថយន្ត EV របស់ចិន - ដែលជាមធ្យមកើនឡើងចំនួន ៣៦% ក្នុងមួយខែកាលឆមាសទីមួយ - បានកើនត្រឹមតែអត្រា ៦% ប៉ុណ្ណោះនៅក្នុងខែសីហា ប៉ុន្តែការលក់របស់ចិន នៅតែត្រូវគេរំពឹងថានឹងមានភាពរឹងមាំខ្លាំងជាងនេះនៅក្នុងត្រីមាសទី៤។ ចិនគឺជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក ហើយមានចំនួនច្រើនជាងពាក់កណ្តាលនៃការលក់រថយន្ត EV ជាសកល។

ទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានបង្ហាញកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ការលក់រថយន្ត EV និងហាយប្រ៊ីដរបស់ខ្លួន បានឡើងលើសរថយន្តប្រើសាំង សម្រាប់ពេល ៦ខែជាប់ៗគ្នាក្នុងខែសីហា ប៉ុន្តែកំណើនប្រចាំឆ្នាំមានត្រឹម ៧,៥% ប៉ុណ្ណោះ ដោយធ្លាក់ពីអត្រា ១២% ក្នុងខែកក្កដា។
គិតជាតួលេខ ទិន្នន័យរបស់ Rho Motion បានបង្ហាញថា ការលក់ជាសកលនៃរថយន្តអគ្គិសនីសុទ្ធ និងរថយន្តហាយប្រ៊ីដ មានចំនួន ១,៧លានគ្រឿង ក្នុងខែសីហា។ គិតតាមប្រទេស Rho Motion និយាយថា ការលក់របស់ចិនបានឈានដល់ ១,១លានគ្រឿង។ ការលក់នៅអឺរ៉ុបបានកើនឡើង ៤៨% ដល់ប្រហែល ២៨៣.៤៥៦គ្រឿង ខណៈការលក់នៅអាមេរិកខាងជើង បានកើនឡើង ១៣% ដល់ ២០១.២៥៥គ្រឿង ហើយការលក់ផ្សេងទៀតនៅទូទាំងពិភពលោកបានកើនឡើង ៥៦% ដល់ជាង ១៤៤.២៨០គ្រឿង៕