ការចោទប្រកាន់ថាយាន្តដ្រូនរបស់រុស្ស៊ីហោះចូលប្រទេសប៉ូឡូញក្នុងសប្តាហ៍នេះ គឺជាការរំលឹកដ៏អាក្រក់មួយទៀតដល់ក្រុមហ៊ុនអាកាសចរណ៍អំពីបញ្ហាប្រឈមដែលបង្កើតឡើងដោយជម្លោះពិភពលោក។ប្រទេសប៉ូឡូញ បានបាញ់ទម្លាក់យន្តដ្រូន៣គ្រឿងក្នុងដែនអាកាសរបស់ខ្លួន ដោយមានការគាំទ្រពីយន្តហោះយោធាមកពីសម្ព័ន្ធមិត្តយោធាណាតូ។

ប៉ុន្តែក្រុមអ្នកជំនាញអាកាសចរណ៍ និងធានារ៉ាប់រងនិយាយថា ហេតុការណ៍នោះ បាននាំឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពលើភាពងាយរងគ្រោះនៃការដឹកជញ្ជូនតាមផ្លូវអាកាសស៊ីវិលនៅអឺរ៉ុប។
ការកើនឡើងតំបន់ជម្លោះជុំវិញពិភពលោកបានបង្កើនបន្ទុកលើប្រតិបត្តិការអាកាសចរណ៍ និងប្រាក់ចំណេញ។នាយកប្រតិបត្តិក្រុមហ៊ុន Ryanair លោក Michael O'Leary បានព្រមានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន នឹងក្លាយជាបញ្ហាដែលនៅតែអូសបន្លាយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបទាំងអស់ក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ។
ក្រុមហ៊ុនដឹកជញ្ជូននានាប្រឈមនឹងជម្រើសផ្លូវតិចជាងមុនជាមួយនឹងការបិទដែនអាកាសនៅក្នុងតំបន់ជាច្រើន រួមទាំងប្រទេសរុស្ស៊ី អ៊ុយក្រែន និងមជ្ឈិមបូព៌ា។
ទីភ្នាក់ងារសម្របសម្រួល Eurocontrol បាននិយាយថា ដែនអាកាសដែលត្រូវបានបិទរបស់អ៊ុយក្រែនបានបន្ថែមការកកស្ទះក្នុងផ្ទៃមេឃក្នុងតំបន់។ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាច្រើនបានផ្អាកជើងហោះហើរទៅកាន់តំបន់នេះ ដោយសារតែការបារម្ភពីគ្រោះថ្នាក់ដោយមីស៊ីល និងយានដ្រូន។
ពួកគេក៏កំពុងតាមដានយ៉ាងដិតដល់ផងដែរពីជម្លោះនៅមជ្ឈិមបូព៌ា រួមទាំងការប៉ុនប៉ងរបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ ដើម្បីសម្លាប់មេដឹកនាំក្រុមហាម៉ាសនៅកាតា។
ភាគហ៊ុនក្នុងក្រុមហ៊ុន British Airways IAG បានធ្លាក់ចុះប្រហែល ៤% កាលពីថ្ងៃពុធ បន្ទាប់ពីឧបទ្ទវហេតុចុងក្រោយនេះ ខណៈភាគហ៊ុនក្រុមហ៊ុនអាកាសចរណ៍ easyJet, Lufthansa និង Ryanair ក៏បានធ្លាក់ចុះផងដែរ៕

